(ភ្នំពេញ) ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងស្រាវជ្រាវព័ត៌មានសន្តិសុខ បានអញ្ជើញជាអធិបតីភាពប្រជុំផ្សព្វផ្សាយបទពិសោធន៍លើការបង្រ្កាបបទល្មើសកើតឡើងធំៗ ជាច្រើន ដែលត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានី-ខេត្ត ក៏ដូចជាជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការណ៍បង្ក្រាបបានជាបន្តបន្ទាប់។ សមាសភាពចូលរួមមាន ឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ ចំណុះស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ និងមានភ្ជាប់ Video Conference ទៅកាន់បណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត។