(ភ្នំពេញ) ៖ ដំណើរទស្សនកិច្ចទិសឦសានលើកទី៣ សប្តាហ៍ទី៣ ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមកដល់គោលដៅនៅចំណុចព្រំដែនលេខ ១៣០ ស្ថិតក្នុងឃុំអន្លង់ជ្រៃ ស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំ ដោយមានការទទួលស្វាគមន៍ពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ ដំណើរទស្សនកិច្ចទិសឦសានសប្តាហ៍ទី ៣ មានរថយន្តប៊ឺស(Bus) ចំនួន ១៩គ្រឿង មានអ្នកដំណើរជាង ៣០០នាក់ បានចូលរួម ។
គួរកត់សម្គាល់ដែរថា ក្នុងដំណើរទស្សនកិច្ចនេះ មានការធ្វើបទបង្ហាញអត្ថាធិប្បាយយ៉ាងពិស្ដារ អំពីលក្ខណៈភូមិសាស្ត្រ បង្គោលព្រំដែន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ពីឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។
សូមបញ្ជាក់ជូនថា បន្ទាប់ពីទស្សនកិច្ចនៅចំណុចបង្គោលព្រំដែនលេខ ១៣០
ស្ថិតក្នុងឃុំអន្លង់ជ្រៃ ស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំរួចរាល់ហើយនោះ គណៈប្រតិភូ និងប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងដំណើរទស្សនកិច្ចនេះ នឹងបន្តដំណើរទៅកាន់ស្រុកស្នួល ខេត្តក្រចេះ បន្ទាប់មកបន្តដំណើរឆ្ពោះទៅកាន់ទឹកដីនៃខេត្តមណ្ឌលគិរី។