(ព្រះសីហនុ) ៖ ព្រឹកថ្ងៃអាទិត្យទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទអញ្ជើញកាន់បិណ្ឌវេណទី៥ នៅវត្តសមាធិវិបស្សនាធុរៈ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរដែលបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជិតឆ្ងាយបាននាំគ្នាមកធ្វើបុណ្យភ្ជុំបិណ្ឌដាក់បិណ្ឌទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ហើយការប្រារព្ធពិធីបុណ្យដាក់បិណ្ឌនាឱកាសនេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយទើបប្រជាពលរដ្ឋកម្ពុជា បានមកជួបជុំគ្នាធ្វើបុណ្យភ្ជុំបិណ្ឌនៅតាមទីវត្តអារាមនានាក្នុងព្រះរាជាណាចក្រកម្ពុជា ទៅតាមទំនៀមទំលាប់ព្រះពុទ្ធសាសនារៀងៗខ្លួន ពិធីបុណ្យភ្ជុំបិណ្ឌប្រជាជនកម្ពុជា បានរៀបចំជារៀងរាល់ឆ្នាំគឺចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែធ្វើជាចង្ហាន់រាប់បាត វេប្រគេនព្រះសង្ឃ ទៅតាមទំនៀមទំលាប់ពីដូនតាយើងមក។ ពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់ដើម្បីឧទ្ទិសកុសល្យ ផលបុណ្យជូនទៅដល់ជីដូន ជីតា និងញាតិកាទាំង៧សណ្តាន ដែលលោកបានចែកឋាន ទៅកាន់លោកខាងមុខ។
ឯកឧត្តម អភិបាលខេត្តបានបន្តថា ពិធីបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌនេះ ដែលប្រជាពលរដ្ឋខ្មែរយើងរៀបចំពិធី ដឹងគុណចំពោះបុគ្គល និងអ្នកមានគុណដែលបានចែកឋានទៅបាន ធ្វើឧបការៈដល់ខ្លួនពោល គឺអ្នកដែលកាន់ព្រះពុទ្ធសាសនា ប្រកាន់យកនូវគោលការណ៍ នៃការ ដឹងគុណ ហើយការដឹងគុណនេះទៀតសោត៍ មិនមែននិយាយត្រឹមតែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួននោះទេ គឺជាការដឹងគុណចំពោះអ្នកដទៃ ព្រឹទ្ធាចារ្យ បើមិនជាប់ជាញាតិរបស់ខ្លួន យ៉ាងណាក៏ដោយក៏សម្តែងនូវទឹកចិត្តដឹងគុណ កតញ្ញូតាធម៌ ទើបមានការឈានទៅធ្វើពិធីបុណ្យទាំងអស់នេះបាន ព្រោះបើយើងអត់មានកតញ្ញូតាធម៌នៅក្នុងចិត្តនោះទេគឺមិនអាចទៅធ្វើពិធីបុណ្យនេះបានទេ។ ពិធីបុណ្យភ្ជុំបិណ្ឌនេះ ដូនតាខ្មែរបានប្រារព្ធធ្វើឡើងក្នុងគោលបំណងអប់រំបង្រៀនដល់កូនចៅឱ្យដឹងអំពីកំណើតចេះគោរពដឹងគុណ និងមានកតញ្ញូតាធម៌ជូនចំពោះជីដូនជីតាចាស់ព្រឹទ្ធាចារ្យរបស់យើង។ យើងទាំងអស់គ្នាចូលរួមចំណែករក្សាវប្បធម៌ជាតិ ពិសេសគឺបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌនេះ ដើម្បីក្លាយជាអ្នកបន្តវេណសម្រាប់កូនចៅជំនាន់ក្រោយទៀត ដោយរក្សាតម្លៃដ៏ពិសិដ្ឋនៃកតញ្ញូតាធម៌ និងការតបស្នងសងគុណចំពោះអ្នកមានគុណរបស់យើងឱ្យបានគ្រប់គ្នា។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធជិតឆ្ងាយអញ្ជើញចូលរួមកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះឱ្យបានគ្រប់គ្នាទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន នៅតាមទីវត្តអារាមនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ក៏អញ្ជើញដឹកនាំមន្ត្រីរាជការ រាប់បាតកាន់បិណ្ឌវេណទី៥ នៅវត្តឧត្តមមុនីសាលព្រឹក្ស ប្រកបដោយបរិយាកាសរីករាយ និងទទួលយកផលបុណ្យតាមសុទ្ធារៀងៗខ្លួន។
ក្នុងឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ក៏បាននាំយកអំណោយ និងបច្ច័យប្រគេនព្រះសង្ឃ មានដូចជា ស្លាដក អង្គរ ៥០គីឡូក្រាម មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធ ក្រណាត់សរជូនយាយជី តាជី និងចង្ហាន់រាប់បាតជូនជំពោះព្រះសង្ឃចំនួន ៣៩អង្គ ក្នុងមួយអង្គថវិកា ២០ ០០០រៀល៕