(ព្រៃវែង) ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី “បុណ្យផ្កាប្រាក់រស្មីសាមគ្គី” ដែលប្រព្រឹត្តទៅនៅបរិវេណវត្តធម្មរតន៍ (ហៅវត្តសង្កែ) ស្ថិតនៅភូមិសង្កែ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បាននាំយកនូវបច្ច័យផ្ទាល់ខ្លួន និងក្រុមគ្រួសារ ព្រមទាំងបច្ច័យរបស់ ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងសប្បុរសជន សរុបចំនួន ៧០.៥៦០.០០០៛ (ចិតសិបលានប្រាំរយហុកសិបពាន់រៀលគត់) សម្រាប់ចូលរួមចំណែកក្នុងការកសាង សាលាពុទ្ធិកបឋមសិក្សា នៅក្នុងវត្តធម្មរតន៍ (ហៅវត្តសង្កែ)នេះ និងដើម្បីជាការចូលរួមចំណែកក្នុងការលើកស្ទួយវិស័យអប់រំក្នុងព្រះពុទ្ធសាសនានៅកម្ពុជាផងដែរ។ បន្ថែមពីលើថវិកាដែលជាបច្ច័យចូលរួមកសាងខាងលើ ឯកឧត្តមអភិបាលខេត្ត សន្យាថានឹងប្រគេនជាបច្ច័យសម្រាប់ចំណាយលើថ្លៃគូគំនូរលើពិដាននៃសាលាឆាន់ទាំងអស់គ្រប់ផ្ទាំង។
ដោយមានការនិមន្ត អញ្ជើញចូលរួមពី÷ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក អភិបាលក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត នាយក នាយករងរដ្ឋបាល និងមន្ត្រីរាជការនៃរដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំងបីថ្នាក់ស្រុក មេឃុំ មេភូមិ គណៈកម្មការអាចារ្យវត្ត តាជី យាយជី ព្រមទាំងពុទ្ធបរិស័ទដែលអញ្ជើញមកពីទីជិតឆ្ងាយសរុបប្រមាណ ៣០៦អង្គ/រូប។