(កំពង់ចាម) ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយស្រុតច្រាំងព្រែក ត្រូវរុះរើផ្ទះ សរុប ២៤ គ្រួសារ រស់នៅ ៣ភូមិ (អន្លង់គគីរ ព្រែកកុយ និង មេសរ ) ក្នុងឃុំព្រែកកុយ ស្រុកកងមាស ។
គួររំលឹកថា ការប្រែប្រួលអាកាសធាតុ បានបង្កើនវត្តមានគ្រោះមហន្តរាយធម្មជាតិកាន់តែញឹកញាប់ និងមានឥទ្ធិពលយ៉ាងធំធេង នៅតាមបណ្តាប្រទេសជាច្រើន ដោយបានឆក់យកអាយុជីវិតមនុស្ស បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្អ សេដ្ឋកិច្ចសង្គម យ៉ាងធ្ងន់ធ្ងរ ។ នៅខេត្តកំពង់ចាម ដោយសារឥទ្ធិពលនៃបរិយាកាស ក៏បានបង្កអោយមានផលប៉ះពាល់ជាបន្តបន្ទាប់ ដូចជា គ្រោះរាំងស្ងួត ជំនន់ទឹកភ្លៀង ប៉ះពាល់ស្រុក ៣ ( បាធាយ ជើងព្រៃ ព្រៃឈរ ) និងជំនន់ទន្លេមេគង្គ បានបង្កប៉ះពាល់ដល់ស្រុក ៦ ធ្វើអោយខូចខាតដំណាំស្រូវ ដំណាំពោត ដំណាំរួមផ្សំផ្សេងៗ អស់រាប់សិបពាន់ហិចតា បាក់ច្រាំង ជាង ១១គ.ម ផ្លូវថ្នល់ជាង ៣០គ.ម ស្ពាន ២ សាលារៀន ១៣កន្លែង វត្តអារាម ៧ និងផ្ទះសម្បែង ជិត ៣,០០០ខ្នង ។ ដោយឡែក នៅស្រុកកងមាស ករណីស្រុតច្រាំង កើតមាននៅ ២ឃុំ គឺ ឃុំសូរគង ស្រុតច្រាំង ប្រវែង ២,០០០ម៉ែត្រ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ៣ភូមិ ត្រូវបានរដ្ឋបាលឃុំ និង អនុសាខាស្រុក ចុះអន្តរាគមន៍ឆ្លើយតប ១៤គ្រួសារ និង នៅឃុំព្រែកកុយ ស្រុតច្រាំងព្រែកប្រវែង ៨៣០ម៉ែត្រ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ៣ភូមិ ចំនួន ៣៣ខ្នង ក្នុងនេះ អនុសាខា បានចុះឆ្លើយតបរួចហើយ ចំនួន ៩គ្រួសារ ។ ដោយឡែក ២៤គ្រួសារទៀត បានអន្តរាគមន៍រុះរើរួចហើយ ២គ្រួសារ នៅសល់ ២២គ្រួសារ ត្រៀមរុះរើទៅតាំងលំនៅលើទីតាំងថ្មី ដែលធានាសុវត្ថិភាព ។
ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងផលប៉ះពាល់ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ។ ឯកឧត្តម ប្រធានគណ:កម្មាធិការសាខាសាខាបាននាំយកនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយ លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។
ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះមហន្តរាយធម្មជាតិ មិនថា ពេលមានភ្លៀង មានរន្ទះ ខ្យល់កន្ត្រាក់ ឬ បាក់ច្រាំង ក៏ដោយ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ជាមួយនោះ ត្រូវ ខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីស្តារជួសជុល រៀបចំលំនៅដ្ឋានឡើងវិញ ។ ក្នុងការរស់នៅ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក ” បើស្រឡាញ់ខ្លួន អោយស្ងួនចំណី ” តាមរយ: ការកាត់បន្ថយអាហារដែលមានជាតិផ្អែម ប្រៃ ដោយប្រើខ្លាញ់តិច អំបិល ស្ករតិច ហើយហូបបន្លែ ផ្លែឈើស្រស់អោយបានច្រើន ជៀសអោយផុតពីជម្ងឺមិនឆ្លង ដែលកំពុងបង្កអន្តរាយដល់សុខភាពយ៉ាងខ្លាំង ។ ទន្ទឹមនេះ ត្រូវពិសារទឹកស្អាត សម្រាកអោយបានគ្រប់គ្រាន់ និង ត្រូវហាត់ប្រាណ ក្នុងមួយថ្ងៃ ហោចណាស់អោយបាន ពី ២០ ទៅ ៣០នាទី ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ពលរដ្ឋរងផលប៉ះពាល់ ទាំង ២៤គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គក្រ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត ( មុង ភួយ សារុង ក្រមា ) ១សម្រាប់ និង ថវិកាចំនួន ១០០,០០០ រៀល ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា និង ប្រតិភូអមដំណើរ បានអញ្ជើញ ប្រគេនព្រះចៅអធិការវត្តស្តីអណ្តែត នូវ អង្ករ ១០០គក្រ – មី ៤កេស – ត្រីខ ៤០កំប៉ុង – ទឹកសុទ្ធ ២កេស និង បច្ច័យចំនួន ២០០,០០០រៀល ។ បន្ទាប់មក ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានបន្តអញ្ជើញចុះពិនិត្យស្ថានភាព សាលាឆាន់ ១ខ្នង ក្នុង វត្តដំបងដែក ហៅ វត្តគងជ័យ( ឃុំព្រែកកុយ )ដែលត្រូវអគ្គីភ័យបំផ្លាញទាំងស្រុង កាលពីយប់រំលងអធ្រាត ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបានវេរទេយ្យទាន ប្រគេន ព្រះចៅអធិការវត្ត រួមមាន អង្ករ ១០០គក្រ, មី ៤កេស- ត្រីខ ៤យួរ- ទឹកសុទ្ធ ២កេស និង បច្ច័យចំនួន ៥លានរៀល ផងដែរ ៕