(ព្រះសីហនុ) ៖ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យលោក សាមុត សុធារិទ្ធ អនុប្រធានគណៈកម្មាធិការសាខាខេត្ត លោកស្រី វាល់ ច័ន្ទវលក្ខណ៍ អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកព្រៃនប់ មន្ត្រីសាខា មន្ត្រីអនុសាខា និងអ្នកស្ម័គ្រចិត្ត បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្ត ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១៤គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះ ក្នុងមួយគ្រួសាររងគ្រោះឆេះអស់ទាំងស្រុង ស្ថិតនៅក្នុងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខអាណិតអាសូរក្រៃលែង ចូលរួមសោកស្ដាយចំពោះគ្រួសាររងគ្រោះ ពីសំណាក់ ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់គ្រួសារគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះ លោក បានក្រើនរំលឹកដល់គ្រួសាររងគ្រោះអោយប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានាពិសេស គ្រោះអគ្គិភ័យ ដែលអាចកើតមានគ្រប់ពេលប្រសិនបើមានការធ្វេសប្រហែសណាមួយ។ ហេតុនេះមុននឹងចេញពីផ្ទះត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេសការតបណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញមករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋាន បច្ចេកទេសអោយបានត្រឹមត្រូវ។
សម្ភារៈសាខាផ្ដល់ជូន ១៣គ្រួសារដែលរងការប៉ះពាល់ស្រាលក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ តង់១ កន្ទេល១ ឃីត១(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ២០មុឺនរៀល ។ចំណែកមួយគ្រួសារទៀតរងគ្រោះឆេះផ្ទះអស់ទាំងស្រុង៖ អង្ករ ៥០គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ តង់១ កន្ទេល១ សម្ភារៈផ្ទះបាយ ១ឈុត ឃីត១(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ១លានរៀល។