(ព្រៃវែង) ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ លោក លាត ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោក យ៉ុន ប៊ុនណា សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយច្បាប់អំពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ដែលប្រព្រឹត្តទៅនៅសាលាប្រជុំធំ ”A” សាលាខេត្តព្រៃវែង។
កិច្ចប្រជុំនេះ ផ្តោតលើកការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលមានគោលដៅជាយុទ្ធសាស្ត្រ ក្នុងការពង្រឹងគោលការណ៍នីតិរដ្ឋ ការពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពាន ដោយអយុត្តិធម៌ ក្នុងសង្គម និងការពង្រឹងជំនឿទុកចិត្តពីសាធារណជន មកលើវិស័យយុត្តិធម៌ដែលជាកត្តារួមចំណែកដ៏សំខាន់ ក្នុងការធានាថែរក្សាស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គមជាតិ។