ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃទៅកាន់ខេត្តទាំង៤ នៅរៀងរាល់ថ្ងៃចុងសប្តាហ៍

(ភ្នំពេញ) ៖ នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានណែនាំឱ្យរៀបចំឱ្យមានដំណើរកម្សាន្តដោយឥតគិតថ្លៃនៅរៀងរាល់ចុងសប្តាហ៍ចាប់ពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជន បានទៅដល់ខេត្តទាំង៤ និងបានមើលឃើញទិដ្ឋភាពជាក់ស្តែងពីការអភិវឌ្ឍនៅតាមព្រំដែនរបស់យើង ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជននៅក្នុងខេត្តទាំងនោះផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កន្លងមកសម្តេចក៏ធ្លាប់បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅលេងខេត្តទាំង៤នោះឱ្យបានច្រើនផងដែរ ប៉ុន្តែក្នុងករណីដែលពួកគាត់បារម្ភរឿងចំណាយ រាជរដ្ឋាភិបាលនឹងរៀបចំកម្មវិធីដំណើរកម្សាន្តតាមរយៈការផ្តល់មធ្យោបាយដឹកជញ្ជូននិងអាហារដោយមិនគិតថ្លៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវសារជាថ្មីម្តងទៀត ដល់យុវជន ពិសេសនិស្សិត ឱ្យទៅទស្សនាឱ្យបានស្គាល់ថាតើព្រំដែនរបស់កម្ពុជាមានការអភិវឌ្ឍយ៉ាងណា និងដើម្បីស្វែងយល់ពីការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *