បាត់ដំបង ៖ សត្វគោចំនួន០២ក្បាលក្នុងចំណោមចំនួន០៦ក្បាល ដែលម្ចាស់ចងទុកនៅក្នុងក្រោល ត្រូវបានភ្លើងឆេះរោលខ្លោចរហូតដល់ងាប់ នៅពេលមានអគ្គិភ័យមួយដែលកើតឡើងដោយពុំទាន់ដឹងមូលហេតុ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ សីហា នៅចំណុចបឹងស្នោ ស្ថិតក្នុងភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់។
របាយការណ៍មន្ត្រីពន្លត់អគ្គិភ័យបានឲ្យដឹងថា ម្ចាស់គោឈ្មោះ រ៉ាត់ សុភាព ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិ-ឃុំកើតហេតុ ។ រោងគោដែលត្រូវភ្លើងឆេះមានទំហំ១៥ម៉x០៥ម៉ ធ្វើពីឈើប្រក់ស័ង្កសី ។ បើតាមម្ចាស់គោ ដែលបានរាយការណ៍ប្រាប់សមត្ថកិច្ច ក្រោលគោគាត់ធ្វើនៅចំណុចខាងលើ ឆ្ងាយពីផ្ទះជាមួយនឹងអ្នកធ្វើស្រែដទៃទៀត។
សត្វគោគាត់ចំនួន០៦ក្បាលមានមេ មានឈ្មោល បានចងចោលនៅក្នុងក្រោលនោះ ហើយគាត់បានមកដេកនៅផ្ទះ។ គាត់បានបញ្ជាក់ថា នៅក្នុងក្រោលគោមានរក្សាទុកដុំចំបើងមួយចំហៀងរោងផង តែមិនមានប្រើប្រាសភ្លើងអគ្គិសនីទេ នៅពេលមានអគ្គិភ័យកើតឡើង គាត់បានតាមរយៈអ្នកស្នាក់នៅខ្ទមស្រែក្បែរនោះទូរស័ព្ទប្រាប់ ហើយគាត់បានរត់ទៅដឹកគោចេញរួចពីគ្រោះថ្នាក់បានចំនួន០៤ក្បាល តែ០២ក្បាលទៀតមិនអាចជួយសង្គ្រោះបាន ក៏ត្រូវភ្លើងឆេះរោលខ្លោចងាប់យ៉ាងរន្ធត់។
សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីត្រូតពិនិត្យ និងស្វែងរកមូលហេតុ ដែលនាំឲ្យមានអគ្គីភ័យនេះកើតឡើង។ ប៉ុន្តែគេរកមិនទាន់ឃើញថា តើអគ្គីភ័យឆេះរោងគោខាងលើនេះបណ្ដាលមកពីអ្វីនោះទេ ? ព្រោះម្ចាស់រោងគោអះអាងថា រោងគោពុំមានតបណ្ដាញអគ្គីសនីបំភ្លឺ តែក៏មិនបានបញ្ជាក់ថា ពេលយប់មានដុតភ្នក់ភ្លើងដែរឬយ៉ាងណាទេ ?
ប៉ុន្តែបើតាមប្រភពមួយចំនួន បានដាក់ការសង្ស័យថា រោងគោនេះអាចត្រូវជនមិនស្គាល់មុខលួចដុតចំបើង ដែលម្ចាស់ទុកក្នុងរោងនោះ ទើបឆេះខ្ទេចទាំងរោង ងាប់ទាំងសត្វគោ។ យ៉ាងណា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវលើករណីនេះនៅឡើយ៕ដោយព្រំ ហន!