ខេត្តស្រះកែវប្រទេសថៃ ៖ សេចក្ដីរាយការណ៍ពីស្រុកខ្លងហាតកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ថា យុវជនខ្មែរម្នាក់បានបើករថយន្តសង្ស័យមួយគ្រឿង ម៉ាកហុងដា ពណ៌ទឹកមាស ពាក់ស្លាកលេខ ក.៨៣៤៦ ស្រះកែវ បើកចេញពីផ្សារបានខៅឌិន ចំណុចឆ្លងកាត់ព្រំដែនអចិន្ត្រៃយ៍ Ban Khao Din ឆ្ពោះទៅកាន់ ស្រុកខ្លងហាត ពេលចុះទៅដល់ចំណុចត្រួតពិនិត្យរួម មន្ត្រីជំនាញបានចុះទៅស្រាវជ្រាវទើបដឹងថាឈ្មោះ សេង ពៅ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរ ។ ត្រួតពិនិត្យរកឃើញប្រអប់ក្រដាសពណ៌ត្នោតចំនួន១០ប្រអប់ និងប្រអប់ក្រដាសពណ៌សចំនួន០២ រុំក្នុងថង់ប្លាស្ទិកពណ៌ក្រហមលាក់ទុកក្នុងរថយន្ត និងស្តុប ពេលបើកទៅរកឃើញថា នៅក្នុងប្រអប់ក្រដាសកាតុងទាំង១២ មានលាក់បារីបរទេសសរុប៦០០ដុំ ឬ៦០០០កញ្ចប់ ទើបឃាត់ខ្លួនបាន។ ហើយបារីរួមទាំងរថយន្តដែលរឹបអូសត្រូវបានដកហូតយកទៅរក្សាទុក ។
ប៉ូលិសប៉ុស្តិ៍ខេត្តស្រះកែវនឹងបន្តកាត់ទោសនិងស៊ើបអង្កេតនិងពង្រីកលទ្ធផលដល់អ្នកពាក់ព័ន្ធនឹងចលនានេះ។
មន្ត្រីរដ្ឋាករខេត្តស្រះកែវបានបង្ហើបថា លោក សេង ពៅ ដែលត្រូវកាត់ទោសពីបទឧក្រិដ្ឋរបស់ខ្លួន ច្បាប់ពន្ធអាករឆ្នាំ ២០១៧ ដែលមានតម្លៃផាកពិន័យខ្ពស់ដល់ទៅ ៤,២ លានបាត ហើយត្រូវកាត់ទោសតាម ច្បាប់អន្តោប្រវេសន៍ផងដែរ។
ទាក់ទិននិងបញ្ហាខាងលើអ្នកព័ត៌មានយើងមិនទាន់សុំការបំភ្លឺបានពីមន្ត្រីកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនៅឡើយ ព្រោះកន្លងមកអ្នកសារព័ត៌មានយើងបានសុំលេខទូរស័ព្ទពីមន្ត្រីកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃដែរតែមន្ត្រីរូបនោះមិនបានឱ្យឡើយ៕