(ភ្នំពេញ) ៖ យុវតីដែលជានិស្សិតផ្នែកIT ម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់បង់ជិវិតភ្លាមៗ ខណៈកំពុងតែរួសរាន់ជិះម៉ូតូបម្រុងនិងទៅរៀន។
ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះបានកើតឡើងកាលពី វេលាម៉ោង២និង០០នាទី រសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤. ស្ថិតនៅតាម បណ្តោយផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម. ខណ្ឌសែនសុខ. រាជធានីភ្នំពេញ។
សពយុវតីរងគ្រោះដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានឈ្មោះ ជួន ជាលិញ អាយុ១៨ឆ្នាំ មុខរបរនិស្សិត ផ្នែកIT ឆ្នាំទី១ មានស្រុកកំណើត នៅភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ. បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយនិងម្តាយមីងនិងពូបង្កើតនៅម្តុំរោងចក្រដំបូលខៀវ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា. មុនពេលកើតហេតុ យុវតីខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ក្រហមមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ1FD-9977 ចេញពីបន្ទប់ជួល បម្រុងនិងទៅសាលា ក្នុងទិសដៅពីត្បូងទៅជើងលុះដល់ចំណុចកើតហេតុ ក៏បានរអិលដួលខ្ទាតមកលើផ្លូវ ត្រូវរថយន្តសណ្តោងដឹកទំនិញមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌សលាយខៀវ ពាក់ផ្លាកលេខត្បូងឃ្មុំ 3A-2501បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា មកពីខាងក្រោយ បានកិនចំក្បាលយុវតីរងគ្រោះខាងលើបណ្តាលឲ្យបែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
បន្ទាប់ពីកិនយុវតីខាងលើស្លាប់អ្នកបើកបររថយន្ត បានព្យាយាមបើករថយន្តរត់គេចខ្លួនរហូតដល់ផ្លូវទ្រុងមាន់ខាងក្រោមស្ពានអាកាសផ្សារដីហុយ ទើបសមត្ថកិច្ចស្ទាក់ចាប់បានទាំងអ្នកបើកបរនិងរថយន្ត យកមកធ្វើការសាកសួរនិងបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។
ចំណែកសពយុវតីរងគ្រោះខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញចរាចរណ៍ខណ្ឌសែនសុខបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕សហការី