(ភ្នំពេញ) ៖ នៅព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណវិទ្យាល័យបាក់ទូក មានប្រារព្ធពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកនាយក លោកនាយករង សិស្សានុសិស្សសាលាបាក់ទូក និងមានវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អតីតសិស្សទស្សវត្សទី៨០ និង ព្រឹទ្ធាចារ្យអតីតគ្រូបង្រៀនសាលាបាក់ទូក គណ:កម្មការរៀបចំការប្រកួត ក្រុមកីឡាករទាំងអស់ ចូលរួមយ៉ាងច្រើនកុះករ។
សម្រាប់ក្រុមកីឡាករដែលចូលរួមប្រកួតក្នុងថ្ងៃនេះ មានចំនួន០៩ក្រុម តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យមករៀននៅភ្នំពេញ ទាំង០៩ក្រុងស្រុក បែងចែកជា២ពូល ប្រកួតឆ្លាស់គ្នា រាល់ថ្ងៃសៅរ៍ និងអាទិត្យ ដោយចាប់ផ្តើមពីថ្ងៃបើកការប្រកួតនេះ រហូតដល់ថ្ងៃបិទបញ្ចប់។
ការរៀបចំព្រឹត្តិការណ៍នាពេលនេះ គឺជាលើកទី៥ហើយ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ក៏ដូចជាមានការចូលរួមគាំទ្រពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា និងឧបត្ថម្ភការប្រកួតទាំងស្រុងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍លើកឡើងពីចំណាប់អារម្មណ៍ ០២ចំណុច នោះគឺ៖ ទី១- បានស្ងើចសរសើរអំពីការបំលែងខ្លួន ពីតំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ មកជាសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ដែលចំណុចនេះ បង្ហាញពីស្មារតី យកចិត្តទុកដាក់យ៉ាងមុតមាំក្នុងការបង្រួបបង្រួមនូវ ចំណងមិត្តភាព មនោសញ្ចេតនា ជួយយកអាសារគ្នា រវាងអ្នកដែល រៀននៅសាលាផ្សេងគ្នា ស្រុកផ្សេងគ្នា បានមកស្គាល់ រាប់អានគ្នាប្រៀបដូចជា បងប្អូនសាច់ញាតិ ក្នុងគ្រួសារតែមួយ។ ទី២- បានភ្ញាក់ផ្អើល នៅពេលបានឃើញតួលេខយុវនិស្សិតខេត្តបន្ទាយមានជ័យ មានវត្តមាននៅ រាជធានីភ្នំពេញ មានចំនួនរហូតដល់ ៣.៧៩២នាក់ ក្នុងនោះ២,៥៦៧នាក់ កំពុងនៅបន្តការសិក្សា និង ១,២២៥នាក់ បានបញ្ចប់ ការសិក្សាកំពុងធ្វើការនៅរាជធានីភ្នំពេញ ដែលចំនួននេះពិតជា ច្រើនណាស់ ទៅហើយសម្រាប់អ្នកបន្ទាយមានជ័យ ដែលអាចមានលទ្ធភាពបន្តការសិក្សាថ្នាក់ឧត្តមនៅរាជធានី ខណៈដែលនៅខេត្តក៏មានសកលវិទ្យាល័យច្រើនផងដែរ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្ថែមទៀតថា ឱកាសនៃការបង្កើតសមាគម ឱកាសនៃការរៀនសូត្រ ក៏ដូចជាឱកាសដ៏ទៃទៀត ទូទាំងប្រទេស អាចកើតមានទៅបាន ដូចសព្វថ្ងៃក៏ដោយសារប្រទេសយើងមានសន្តិភាព ហើយយើងគ្រប់គ្នាសុទ្ធតែដឹងថា សន្តិភាពនេះ កើតមានឡើងដោយផ្តើមចេញ ពីវីរភាព របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាប្រធាន ព្រឹទ្ធសភា និងជា ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាពេលបច្ចុប្បន្ន ដែលសម្តេច ហ៊ានយកជីវិតធ្វើដើមទុន ស្វែងរកការសង្គ្រោះជាតិ រហូតអាចជួយ ប្រជាជនកម្ពុជា ឲ្យរួចជីវិតផុតពី របបខ្មៅងងឹត ប៉ុល ពត ក្នុងថ្ងៃ៧មករា ១៩៧៩ និងបានដាក់ចេញ នូវនយោបាយ ឈ្នះ ឈ្នះ បញ្ចប់អង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហមទាំងស្រុង នាំមកនូវ សន្តិភាព និងការ ឯកភាពជាតិពេញលេញ ជាពិសេសក្នុងកាលៈទេសៈប្រឈមជាមួយ សភាពការណ៍រាតត្បាត នៃជំងឺកូវីដ-១៩ សម្តេចតេជោបានដាក់ចេញ នូវវិធានការ អន្តរាគមន៍ជាច្រើន និងមានប្រសិទ្ធិភាព ក្នុងការប្រឆាំង កូវីដ- ១៩ បានស្តារនូវស្ថានភាពកម្ពុជា ឲ្យវិលមករក ភាពប្រក្រតីយ៉ាងឆាប់រហ័ស ជួយសង្គ្រោះ អាយុជីវិតប្រជាជនកម្ពុជា ទូទាំងប្រទេសជាលើកទី២ បន្ទាប់ពីថ្ងៃ ៧មករា ១៩៧៩។ ដូច្នេះយើងគ្រប់គ្នាត្រូវចងចាំជានិច្ច នូវវីរភាពរបស់សម្តេច តេជោ ហ៊ុន សែន និងត្រូវចូលរួម ការពារឲ្យបាន ដាច់ខាត នូវសន្តិភាពដែលទទួលបានមកដោយលំបាក មួយនេះ ហើយយើងក៏ត្រូវ គាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តអនុវត្ត នូវគោលនយោបាយ រាជរដ្ឋាភិបាល សម្តេចតេជោ រក្សាបាននូវសន្តិភាព និងការអភិវឌ្ឍន៍កាន់តែរីកចម្រើន៕