(ភ្នំពេញ) ៖ នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ (ថ្ងៃ១ដល់៣ ខែតុលា) មច្ចុរាជលើដងផ្លូវបានផ្តាច់ជីវិតមនុស្សអស់៣០នាក់ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ចំនួន៣៤លើក ពោល គឺអ្នកស្លា.ប់កើន៨នាក់ បើធៀបនឹងឆ្នាំមុន ។ នេះបើតាមអ្នកនាំពាក្យអគ្គស្នងការនគបាលជាតិ ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគបាលជាតិបានឲ្យដឹងថា ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះចំនួន២៤លើក ស្មើនឹង៤១ភាគរយ ខណៈឆ្នាំនេះកើតឡើង៣៤លើក ហើយឆ្នាំមុនកើតឡើង៥៨លើក តែគួរឲ្យសោកស្ដាយអ្នកស្លា.ប់ឆ្នាំនេះមានរហូតដល់៣០នាក់កើនឡើងចំនួន៨នាក់ បើធៀបនឹងឆ្នាំមុន ។
តែយ៉ាងណាក្តី ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បានថ្លែងថា ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែតុលា ឆ្នាំ២០២៤ ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ ដោយប្រជាពលរដ្ឋបានទៅធ្វើបុណ្យនៅតាមវត្តអារាម ឬទីសក្ការបូជានានា និងដើរកម្សាន្តតាមរមណីយដ្ឋានផ្សេងៗប្រកបដោយភាពសប្បាយរីករាយ និងសន្តិសុខល្អ ។
អ្នកនាំពាក្យអគ្គស្នងការនគបាលជាតិបានថា ថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋបានធ្វើដំណើរទៅស្រុកកំណើតជួបជុំគ្រួសារការនាំយកចង្ហាន់ទេយ្យទាន ទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ឬតាមទីបូជនីយដ្ឋានផ្សេងៗក្រោមបរិយាកាសកក់កៅ្ត ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបន្តថា ជាពិសេសភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដើរលេងកម្សាន្តនៅតំបន់រមណីយដ្ឋាន នៅទូទាំងប្រទេសនៅប្រមាណជាង១ពាន់គោលដៅប្រកបដោយការសប្បាយរីករាយ គ្មានអ្វីជាការព្រួយបារម្ភចំពោះបញ្ហាអសន្តិសុខនោះទេ ។
ដោយឡែកបើយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ថា គិតត្រឹមពីម៉ោង១៤៖០០ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ដល់ម៉ោង១៤៖០០ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១០លើក (យប់២លើក) បណ្តាលឲ្យមនុស្សស្លា.ប់៥នាក់ (ស្រី ០នាក់), រងរបួសសរុប៨នាក់ (ស្រី១នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី ១នាក់) រងរបួសស្រាល ២នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព៨នាក់ (យប់ ៣នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន៤លើក (ស្លា.ប់៣នាក់, របួសធ្ងន់២នាក់, របួសស្រាល០នាក់), មិនគោរពសិទ្ឋិ២លើក (ស្លា.ប់១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល២នាក់), មិនប្រកាន់ស្តាំ៣លើក (ស្លា.ប់១នាក់, របួសធ្ងន់៣នាក់, របួសស្រាល ០នាក់) និងស្រវឹង ១លើក (ស្លា.ប់០នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់) ៕