(កំពង់ឆ្នាំង) ៖ យុវជនជំទង់២នាក់ បានបាត់ខ្លួនមួយយប់មកហើយ ខណៈដែលពួកគេជិះទូកឈើមួយគ្រឿងឆ្លងមកពីផ្ទះបងប្អូននៅត្រើយម្ខាង ហើយក៏ត្រូវបានខ្យល់បោកបក់យ៉ាងខ្លាំងបណ្ដាលឱ្យទូករបស់ពួកគេត្រូវបានលិច នៅកណ្ដាលទន្លេ និងបានធ្វើឲ្យបាត់ខ្លួន តាំងពីវេលាម៉ោង ៦៖២០នាទីល្ងាច ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២ ៤ មកដល់ព្រឹកម៉ោង ៩៖០០នាទីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ក្រុមរុករកដែលមានទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ចជាច្រើនទូកផងនោះ នៅរុករកអ្នកដែលបាត់ខ្លួនទាំង២នា ក់ខាងលើនេះពុំទាន់ឃើញនៅឡើយ។
សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ថា នៅវេលាម៉ោង១៨៖២០នាទីល្ងាច ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ មានករណីលិចទូកប្រជាពលរដ្ឋមួយគ្រឿង ជាប្រភេទទូកឈើ ដោយនៅក្នុងទូកនោះមានមនុស្ស៤នាក់ ក្នុងនោះមានកុមាអាយុ៥ឆ្នាំម្នាក់ ក្មេងជំទង់អាយុ១៤ឆ្នាំ ចំនួន២នាក់ ចំណែកអ្នកបើកបរទូកគឺជាបុរសអាយុ៤៦ឆ្នាំ។
កុមារ២នាក់ និងបុរសជាអ្នកបើកបរទូកខាងលើនេះ ពួកគេមានទីលំនៅក្នុងភូមិសំរឹទ្ធជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយឡែកក្មេងជំទង់ប្រុសម្នាក់ដែលបាត់ខ្លួនដែរនោះមានទីលំនៅ គីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុពួកគេទាំង៤នាក់ បានជិះទូកឈើមួយគ្រឿងបំណងទៅ ផ្ទះម្ដាយរបស់ខ្លួន ដើម្បីទៅមើលម្ដាយឈឺដោយបើកឆ្លងពីត្រើយខាងកើតឆ្ពោះទៅទិសខាងលិច លុះបើកមកដល់ ចំណុចកើតហេតុខាងលើ ដែលមានចម្ងាយពីច្រាំងទន្លេប្រហែលជា៣០ម៉ែត្រ ខណៈពេលនោះក្មេងប្រុសម្នាក់ដែលជិះនៅលើទូកជាមួយនោះ បានជ្រុះស្បែកជើងចូលក្នុងទឹក ពេលឃើញដូច្នេះអ្នកបើកបរទូកក៏បានបត់ក្បាលទូក ត្រឡប់ក្រោយបម្រុងទៅរើសស្បែកជើងវិញ ស្របពេលនោះក៏មានភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំងធ្វើឱ្យទូករបស់ពួកគេត្រូវបានលិច និងបណ្ដាលឱ្យបាត់ខ្លួនក្មេងជំទង់ប្រុស-ស្រីទាំង២នាក់ ចំណែកកុមារអាយុ៥ឆ្នាំ ត្រូវបុរសជាអ្នកបើកបរទូកខាងលើនេះជួយសង្គ្រោះបាន។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចស្រុកកំពង់ត្រឡាច បានបញ្ជាក់ថា ការរុករកអ្នកបាត់ខ្លួនគឺសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ រួមទាំងទូកប្រជាពលរដ្ឋជាច្រើនគ្រឿង បានរុករកតាំងពីវេលាម៉ោង ៧៖០០នាទីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ខណៈដែលទើបនឹងបាត់ខ្លួនភ្លាមៗ តែមកដល់ម៉ោងជាង ៩៖០០ នាទីព្រឹកថ្ងៃទី៥ ខែតុលានេះ ពុំទាន់រកឃើញនៅឡើយ តែទោះជាយ៉ាងនេះក្តីនៅព្រឹកថ្ងៃទី៥ ខែតុលានេះ ក្រុមរុករកទាំងសមត្ថកិច្ច និងទូកប្រជាពលរដ្ឋជាច្រើនគ្រឿងបាននិ ងកំពុងបន្តសកម្មភាពរុករកជាបន្តទៀតផងដែរ។
សូមបញ្ជាក់ថា ការរុករកក្មេងជំទង់ទាំង២នាក់ដែលបាត់ខ្លួនខាងលើនេះ ក៏មានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ជាពិសេសនោះគឺមានការបញ្ជាផ្ទាល់ពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេ ត្តកំពង់ឆ្នាំង ដែលលោកបានចុះបញ្ជាដល់កន្លែងកើតហេតុទាំងយប់រហូតរំលងអាធ្រាត្រ។
បើទោះជាក្រុមរុករកនៅមិនទាន់ប្រទះឃើញក៏ដោយ នៅព្រឹកថ្ងៃទី៥ ខែតុលានេះ លោកអភិបាលខេត្តបានបញ្ជាបន្ថែម ដោយធ្វើយ៉ាងណាត្រូវបន្ថែមកម្លាំងនិងទូក ជាពិសេសត្រូវរកអ្នកជំនាញៗដើ ម្បីបន្តរុករករហូតបានប្រទះឃើញ៕