ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់​

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់​ ដែលធ្វើឡើងនៅសាលប្រជុំមន្ទីរផែនការខេត្ត។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានថ្លែងថា កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក, ឃុំ-សង្កាត់ យើងសង្កេតឃើញថា សំណើគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តមានចំនួន ៤៨៩គម្រោង សំណើគម្រោងវិនិយោគក្រុង ស្រុក​មាន ចំនួន ៧៧៩គម្រោង និងសំណើគម្រោងវិនិយោគឃុំ សង្កាត់មាន ចំនួន ៤,៣៩២គម្រោង ដែលជាតម្រូវការអាទិភាពកំពុងស្វែងរកថវិកាគាំទ្រសម្រាប់អនុវត្តឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា យើងត្រូវរួមគ្នាបន្តធ្វើការអភិវឌ្ឍឱ្យបានជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាព បរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាលភាព និងការងារអប់រំសិក្សាធិការជាមូលដ្ឋាន។​

ឯកឧត្ដមអភិបាលខេត្ត​ ក៏បានសង្កត់ធ្ងន់ថា​ គម្រោងវិនិយោគកំពុងដំណើរការ គម្រោងមានការសន្យាគាំទ្រ និងគម្រោងមិនទាន់មានការសន្យាគាំទ្រ ដែលនៅក្នុងសិក្ខាសាលាសមាហរណកម្មនាពេលនេះ គឺជាផែនការសម្រាប់អនុវត្តនៅឆ្នាំ២០២៥-២០២៧​ សំណូមពរលោក លោកស្រីប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត, លោកអភិបាលក្រុង-ស្រុក និងអង្គការមិនមែនរដ្ឋាភិបាល ធ្វេីយ៉ាងណា​ត្រូវជំរុញការអនុវត្តគម្រោងនីមួយៗ ឱ្យចប់តាមកាលកំណត់​ ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បានស្នេីដល់អង្គភាពជុំវិញខេត្ត, អង្គការមិនមែនរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ សូមប្រើប្រាស់ឱ្យអស់លទ្ធភាព នូវធនធានដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ស្ថាប័ន ឬ ពីដៃគូរនានា បន្តផ្តល់ការគាំទ្រគម្រោងសកម្មភាព​ អាទិភាពរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់បន្ថែមទៀត។​ ដោយឡែកលោកអភិបាលក្រុង-ស្រុក ត្រូវពិនិត្យមើលលើគម្រោងអាទិភាពរបស់ឃុំ-សង្កាត់ ដែលបានដាក់ក្នុងសិក្ខាសាលាសមាហរណកម្ម និងពិនិត្យឡើងវិញ ថាតើគម្រោង ណាខ្លះបានទទួលការគាំទ្រ និងគម្រោងណាខ្លះដែលមិនទាន់ទទួលបានការគាំទ្រ ត្រូវប្រើប្រាស់មូលនិធិរបស់រដ្ឋបាលក្រុង ស្រុក​ ដើម្បីដោះស្រាយបញ្ហាជាអាទិភាព របស់ប្រជាជន​ផងដែរ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *