ព័ត៌មានជាតិ

ឯកឧត្តម ហួត ហាក់ និង ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មការដឹកនាំទូក(ង)និងក្រុមកីឡាករចំណុះទូក ខេត្តកំពង់ចាម

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល ជាមួយគណៈកម្មការដឹកនាំទូក(ង) និងក្រុមកីឡាករចំណុះទូក ទូទាំងខេត្តកំពង់ចាម ក៏ដូចជាពិនិត្យស្ថានភាព សុខភាពរបស់ក្រុមកីឡាករចំណុះទូក ដែលត្រូវមកចូលរួមប្រណាំង ដើម្បីអបអរ ក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអុំបុក នារាជធានីភ្នំពេញ នៅខាងមុខព្រះបរមរាជវាំង ។ ពិធីនេះធ្វើឡើងនៅក្បែរមជ្ឈមណ្ឌល LOLC ជ្រោយចង្វា ស្ថិតក្រោមវត្តមាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាល នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះ ខែ អកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម និងលោកជំទាវ ដែលបានជួយជ្រោមជ្រែង ដល់រដ្ឋបាលខេត្ត ក្នុងការជួយឧបត្ថម្ភ ជាសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគជាច្រើន ដើម្បីជួយផ្គត់ផ្គង់ដល់គណៈកម្មការទូក និងក្រុមកីឡាករ ។

ឯកឧត្តម អភិបាលខេត្ត ក៏បានរំលឹកឲ្យក្រុមកីឡាករ ចេះថែរក្សាសុខភាព ហូបចុក និងសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមកម្លាំងចូលរួមប្រកួត នៅថ្ងៃស្អែក និង២ថ្ងៃ បន្តបន្ទាប់ឲ្យទទួលជោគជ័យ និងដើម្បីការពារខ្សែក្រវាត់ ដោយនាំយកជ័យជំនះថ្មី ជូនខេត្តកំពង់ចាមយើង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *