ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចខេត្តបានចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( កាប់យកម៉ូតូ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០៤ នាក់មកកាន់ស្នងការដ្ឋាន

(បាត់ដំបង) ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល  នៅថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ១៧:២០ នាទី នៅចំណុចភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ
បានចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( កាប់យកម៉ូតូ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០៤ នាក់មកកាន់ស្នងការដ្ឋាន

1️⃣ ឈ្មោះ សេង អត្ថៈវីរៈ ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅ ភូមិ ចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
2️⃣ ឈ្មោះ ឡាត់ អ៉ី ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិកៀនកេស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
3️⃣ ឈ្មោះ ទុន ឆានុន ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
4️⃣ ឈ្មោះ ពុន ប៊ុនថៃ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្រោយពីកម្លាំងយើងបានធ្វើការសាកសួររួចរហូតដល់ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ១១:៥៥ នាទី ចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  កម្លាំងយើងបានបន្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលដឹកនាំដោយ លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ជាអធិការ បានធ្វើការនាំខ្លួនបានជនសង្ស័យ ចំនួន ០២ នាក់ទៀត

1️⃣ ឈ្មោះ ប៊ុន គង់ ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
2️⃣ ឈ្មោះ អុល ឧសភា ហៅ អ៊ូក ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិ សំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

👉 កាលពីថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ២២:០១ នាទី ជនសង្ស័យខាងលើឈ្មោះ ប៊ុន គង់ ភេទប្រុស អាយុ ២១ឆ្នាំ បានធ្វើសកម្មភាពជិះម៉ូតូ០១ គ្រឿងគ្នា ០៣ នាក់ ម៉ាក ហុងដា PCX ចេញពីផ្ទះសំណាក់លីហុក ទៅម្តុំមន្ទីរ ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងគោលបំណងគម្រាមកាប់និង យកម៉ូតូ០១ គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២១ ពាក់ស្លាកលេខ បាត់ដំបង 1AM-២៣៧១ ដែលជារបស់ជនរងគ្រោះ ឈ្មោះ អ៊ុន ករុណា ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយគេចខ្លួនបាត់។

📍 វត្ថុតាងដកហូតរួមមាន ៖
– ម៉ូតូ ០១ គ្រឿង ម៉ាកហុងដា PCX ពណ៌ប្រផេះ ស៊េរីឆ្នាំ ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1JL-6797 ។

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី។ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *