ព័ត៌មានជាតិ

ក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានក្រុងកំពង់ចាម បេីកវេទិកាសាធារណៈ​ នៅសង្កាត់វាលវង់​ ដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋ

(កំពង់ចាម) ៖ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម អញ្ជើញបេីកវេទិកាសាធារណៈ​ ដើម្បីពិនិត្យ​ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ និងដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន​ ដែល​បាន​ធ្វើ​ឡើង​នាព្រឹកថ្ងៃទី​៤​ ខែកញ្ញា​ ឆ្នាំ​២០២៤​ នៅវត្តបទុមរតនៈ ដីដុះ ស្ថិត​ក្នុងសង្កាត់​វាលវង់​ ក្រុងកំពង់ចាម​ ។

ក្នុងអង្គវេទិកានេះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំការឆ្លើយតបចំពោះ សំណើរ សំណូមពរ និងកង្វល់ ចំនួន​៨​ ដែលបងប្អូនប្រជាពលរដ្ឋបាន លើកឡើង​ រួមមាន​ បញ្ហា​ស្ថាបនា​ប្រព័ន្ធ​លូ​ ដែល​ប៉ះពាល់​ដល់​ផ្លូវ​ធ្វើ​ដំណើរ​ បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​គល់​ស្ពាន​គីហ្សូណា​ បញ្ហា​សេវា​កម្ម​ទឹកស្អាត​ បញ្ហា​ទឹក​លិច​ក្រោម​ផ្ទះ​ សុំ​កសាង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ ។ ល។ ដែល​ ត្រូវបានដោះស្រាយនៅនឹងកន្លែងតែម្ដង។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសរយៈពេលជាងមួយឆ្នាំមកនេះ គឺបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយ និងបានដាក់ចេញនូវគោលនយោបាយអទិភាពទាំង ៩ ចំណុច និងវិធានការគន្លឹះទាំង៥ សំដៅឆ្ពោះទៅការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជាការលើកគុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង។

ឯកឧត្តមអភិបាលខេត្ត​ បានបញ្ជាក់ថា ដើម្បីឆ្លុះបញ្ចាំងនៃការដាក់ចេញនូវគោលនយោបាយនោះ គឺត្រូវការមតិយោបល់ព និងការវាយតម្លៃ ពីសំណាក់បងប្អូនប្រជាពលរដ្ឋត្រឡប់មកវិញ ចង់ដឹងថាតើ លទ្ធផលដែលបងប្អូនប្រជាពលរដ្ឋទទួលបានពីគោលនយោបាយនោះកម្រិតណា។ ដូច្នេះដើម្បីថ្នាក់ដឹកនាំ អាចវាស់ស្ទង់ផ្ទៀងផ្ទាត់ ពីលទ្ធផលនោះបាន គឺត្រូវជួបជុំគ្នាដើម្បីធ្វើវេទិកាសាធារណៈ ។

ជាមួយគ្នានេះ ចំពោះការអនុវត្តការងាររដ្ឋបាល របស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ផ្ដោតសំខាន់ទៅលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពាក់ព័ន្ធទៅនឹងការផ្ដល់សេវា ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ ជាពិសេសផ្ដោតទៅលើការងារ ដែលបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ផងដែរ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *