ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំរៀបចំ​ពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប ប្រគុំតន្ត្រីខ្នាតធំ តាំងពិពណ៌ និងអុចកាំជ្រួច អបអរថ្ងៃចេញព្រះវស្សា

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំ​ពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប ប្រគុំតន្ត្រីខ្នាតធំ តាំងពិពណ៌ និងអុចកាំជ្រួច អបអរថ្ងៃចេញព្រះវស្សា​ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមជាគណៈអធិបតី ពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម និងដោយមានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំសាលាខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បាន​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ ធ្វើយ៉ាងណា​ត្រូវ​សហការ​គ្នា​ ដេីម្បី​​ពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅក្នុងក្រុង​កំពង់ចាម​ ឲ្យ​បាន​ល្អ​ប្រសើរ​ ពោលគឺ​ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល​ ទាំង​មាន​សុវត្ថិភាព​ ក្នុងអំឡុងពេលអបអរសាទរ​នូវព្រឹត្តិការណ៍ខាងលើនេះ​ ដូច្នេះ​​សូមឲ្យ​​បងប្អូន​ប្រជាពលរដ្ឋ​​ អញ្ជើញ​មក​ចូលរួម​ក្នុង​ការ​ទស្សនា​កម្សាន្ត​ដោយ​សប្បាយ​រីករាយ​ផងដែរ​ ។

គូសបញ្ជាក់ថា ពិធីប្រណាំងទូក ក្នុងក្របខណ្ឌខេត្តកំពង់ចាម ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សាខាងមុខនេះ ទូកខ្នាតវែង និងទូកខ្នាតអន្តរជាតិ ដែលក្រៀមចូលរួមប្រណាំង មានសរុប ៥០ទូក មកពី ក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម ។ ក្នុងនោះទូកខ្នាតអន្តរជាតិមាន ៣១ ទូក និងទូក «ង» ខ្នាតវែងមាន ១៩ទូក និងមានកីឡាករ កីឡាការិនី សរុបជាង ២,០០០ នាក់ ចូលរួមប្រកួតប្រជែង និងកីឡាករបម្រុងជាង ៤០០ នាក់ផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *