ខេត្តព្រៃវែង ៖ ថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី ១៤ ខែ តុលាឆ្នាំ ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានដឹកនាំខេត្ត និងក្រុមការងារគណៈកម្មការរៀបចំព្រឹត្តិការណ៍ទូក “ង”បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែតុលា ខាងមុខនេះ ជាពិសេសទីតាំងវេទិកាប្រណាំងទូក”ង” កន្លែងស្នាក់នៅរបស់បងប្អូនកីឡាករចំណុះទូក និងស្ដង់តាំងពិពណ៌នីមួយៗរបស់បងប្អូនអាជីវករ ព្រមទាំងឆាកប្រគុំតន្រ្តីផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត តួនាទី ភារកិច្ច របស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេស ការការពារនូវសន្តិសុខសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន អោយបានល្អប្រសើរ ធ្វើយ៉ាងណាអោយព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ដំណើរការដោយរលូននិងបងប្អូនប្រជាពលរដ្ឋដែលមកចូលរួមកម្សាន្តប្រកបដោយភាពសប្បាយរីករាយ។ដោយ:ជុំ ចន!