ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញមុខបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគទី៦ និងសំណេះសំណាលជាមួយអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តព្រៃវែង

(ព្រៃវែង) ៖ នាព្រឹកថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញមុខបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគទី៦ និងសំណេះសំណាលជាមួយអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តព្រៃវែង។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ បេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងភូមិភាគទី៦ របស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមប្រធាន អនុប្រធាន សមាជិក គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សក្រុង ស្រុក ឃុំ សង្កាត់ សមាជិក សមាជិកា។

ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអាននូវសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា បញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ព្រមទាំងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគណបក្សខេត្ត។

មានប្រសាសន៍ក្នុងអង្គពិធី សម្ដេចក្រឡាហោម ស ខេង បានមានភាពសោមន្សរីករាយ ដោយបានមកចូលរួមក្នុងពិធីសំណេះសំណាលនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោកស្រី អស់លោកទាំងអស់ រួមទាំងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាក្នុងខេត្តព្រែវែង ក្នុងពិធីដ៏មានសារសំខាន់នាពេលនេះ។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងអង្គពិធីទាំងមូល សម្ដេចក៏សូមអបអរសាទរចំពោះ ឯកឧត្តម លោកជំទាវ ទាំង១៤តូប ដែលគណបក្សបានផ្ដល់ការគាំទ្រជឿទុកចិត្តចាត់តាំងជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង និងសូមជូនពរដល់ឯកឧត្តម លោកជំទាវជាបេក្ខជនទាំងអស់ ពង្រឹងការបេ្ដជ្ញាចិត្តរួមគ្នាក្នុងក្របខណ្ឌគណបក្សទាំងមូលដើម្បីដណ្ដើមជោគជ័យជូនគណបក្ស។

ទន្ទឹមនេះក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង សម្ដេចក្រឡាហោមសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោកស្រី អស់លោកជាថ្នាក់ដឹកនាំ មន្ត្រី ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ទូទាំងខេត្តព្រៃវែង ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងការងារគណបក្ស និងការងាររដ្ឋ សម្រេចបានសមទ្ធិផលនានាជាច្រើន និងជាពិសេសបានអនុវត្តការងារនានាក្នុងការត្រៀមរៀបចំការងារនានាសម្រាប់ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ក្នុងនាមសម្ដេចតេជោប្រធានគណបក្ស បានផ្ដល់នូវអនុសាសន៍លើកិច្ចការសំខាន់ៗចំនួន ៦ ចំណុចធំៗ ជូនដល់អង្គពិធី ក៏ដូចជាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តព្រៃវែង សម្រាប់អនុវត្តបន្ត។

ទន្ទឹមនេះ ក្នុងនាមសម្ដេចតេជោប្រធានគណបក្ស ក្នុងនាមគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង សម្ដេចក្រឡាហោម សូមជំរុញលើកទឹកចិត្តដល់ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ដែលមានតួនាទីតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សូមរួមគ្នាបន្តថែរក្សាពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម និងត្រូវខិតខំលើកកម្ពស់ ស្មារតីទទួលខុសត្រូវក្នុងការបំពេញការងាររបស់រដ្ឋតាមតួនាទីភារកិច្ចរៀងៗខ្លួន ដោយត្រូវចូលរួមអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់-កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីឱ្យសម្រេចបានជោគជ័យតាមការរំពឹងទុក។

សម្ដេចក្រឡាហោម ក៏សូមប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវគណៈអធិបតី ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក សមាជិកសមាជិកា នៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចការងារ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។