ព័ត៌មានជាតិ

ការចុះពិនិត្យ និងវាយតម្លៃសម្រេចចុងក្រោយ របស់គណៈកម្មការបច្ចេកទេសអន្តរក្រសួង លើបេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូ នៅខេត្តសៀមរាប

(សៀមរាប) ៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយក្រុមការងារគណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) ដឹកនាំដោយ ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ដើម្បីចុះពិនិត្យ និងវាយតម្លៃសម្រេចចុងក្រោយលើបេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូ ដែលមានការអញ្ជើញចូលរួមផងដែរ ពី ឯកឧត្តម តោ គិមស៊ាន ឯកឧត្តម លី ទឹង សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប គណៈប្រតិភូ នៃគណៈកម្មការបច្ចេកទេសអន្តរក្រសួង និងអ្នកពាក់ព័ន្ធ នៅអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ក្រុងសៀមរាប ខេត្តសៀមរាប។

គួរបញ្ជាក់ជូនផងដែរថា​ កិច្ចការនេះជាឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រ និងលើកទឹកចិត្តដល់គ្រប់អង្គភាពផ្ដល់សេវាឱ្យចូលរួមប្រកួតប្រជែងការផ្ដល់សេវាសាធារណៈគំរូ ក្នុងគោលបំណងដើម្បីបង្កើនគុណភាព និងស័ក្ដិសិទ្ធិភាពនៃការផ្ដល់សេវាសាធារណៈ ដោយចាប់ផ្ដើមពីវិស័យអាទិភាពខ្ពស់មុន មានវិស័យអប់រំ(កម្រិតអនុវិទ្យាល័យ និងសាលាបឋមសិក្សា) និងវិស័យសុខាភិបាល(កម្រិតមណ្ឌលសុខភាព)។ ទន្ទឹមនឹងនេះ សម្រាប់ឆ្នាំ២០២៣ ខេត្តសៀមរាបបានទទួលលទ្ធផលជ្រើសសម្រាំងដំណាក់កាលបឋម ដោយគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) លើបេក្ខភាពអង្គភាពផ្ដល់សេវាចំនួន០៤(សាលាបឋមសិក្សាវត្តបូព៌ សាលាបឋមសិក្សាក្រវ៉ាន់ អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា និងមណ្ឌលសុខភាពគោកចក) ដែលត្រូវទទួលការចុះពិនិត្យ និងវាយតម្លៃសម្រេចចុងក្រោយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។