ព័ត៌មានជាតិ

អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបកម្ពស់បួនជាន់ត្រូវបានរៀបចំប្រុងពលីដើម្បីបើកការដ្ឋានសាងសង់!

(សៀមរាប) :សំណង់អគារមន្ទីរពេទ្យបង្អែកខេត្ត មានកម្ពស់បួនជាន់ ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ក្រោមគម្រោងអភិវឌ្ឍន៍ធ្វើឲ្យប្រសើរឡើងដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានប្រារព្ធពិធីប្រុងពលីបើកការដ្ឋានសាសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព របស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត លោក ថាដាសិ អូហ្គាសាវ៉ារ៉ា (Tadashi Ogasawara) ទីប្រឹក្សាគម្រោង ដោយមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ និង ប្រជាពលរដ្ឋ ចូលរួមផងដែរ ។

បន្ទាប់ពីកិច្ចរបស់លោកតាអាចរ្យ និង និមន្តព្រះសង្ឃធ្វើកម្មវីធីសូត្រមន្តចម្រើនព្រះបរិត្តស្វាធាយធម៌ប្រោះព្រំសុំសិរីសួស្តីជ័យមង្គលវិមុលសុខក្នុងពេលដំណើរការសាងសង់អគារមន្ទីរពេទ្យថ្មីនេះ ឲ្យប្រកបទៅដោយសេចក្តីសុខរួចមក ក្នុងកិច្ចស្វាគមន៍របស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា ក្រោមការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចទំនាក់ទំនងជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានសម្រេចជាផ្លែផ្កា ដោយទទួលបាននូវជំនួយឧបត្ថមពីរដ្ឋាភិបាលជប៉ុននូវអគារមួយខ្នងមានផ្ទៃក្រឡាសំណង់ទំហំ ៧ពាន់២៦០ ម៉ែត្រការ៉េ កំពស់៤ជាន់ ប្រវែង២៥ ម៉ែត្រ គុណនឹង ៦៩ ម៉ែត្រ ដែលនឹងត្រូវប្រើប្រាស់សម្រាប់សេវាឯកទេស វះកាត់ សេវាសង្រ្គោះបន្ទាន់ និងសេវាពាក់ព័ន្ធផ្សេងៗទៀត ។ អគារមន្ទីរពេទ្យថ្មីនេះមានលក្ខណៈជាស្តង់ដារ ជាមន្ទីរពេទ្យដែលមានផាសុភាព មានកម្រឹតបង្កការ ចំលងរោគកម្រិតទាប មានបំពាក់ជណ្តើរយោង និងមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដែលមានចំនួនគ្រែសរុបចំនួន២២០គ្រែ ដែលទទួលអ្នកជម្ងឺទៅតាមជាន់នីមួយៗ ។

លោក ថាដាសិ អូហ្គាសាវ៉ារ៉ា (Tadashi Ogasawara) ក៏បានលើកផងដែរថា គម្រោងនេះនឹងធ្វើឲ្យកាត់តែមានភាពប្រសើរឡើងវិញ នៃមន្ទីរពេទ្យបង្អែកខេត្ត ក៏ដូចមន្ទីរពេទ្យស្រុកប្រតិបត្តិទាំងបួនទៀតផង ។ លោកក៏បានបញ្ជាក់ ថា គម្រោងនេះ គឺជាគម្រោងហិរញ្ញទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវគុណភាពសេវាសុខភាព និង ពង្រីកនូវសេវាសុខភាពគ្រប់ដណ្តប់នៅក្នុងតំបន់ ។ ការសាងសង់អគារមន្ទីរពេទ្យ ក៏ដូចជាការឧបត្ថម្ភនូវឧបករណ៍បរិក្ខាពេទ្យផងដែរ ។ លោកក៏បានឲ្យដឹងផងដែរ លើគម្រោងសាងសង់នេះមានទឹកប្រាក់ប្រមាណ ១៩លានដុល្លាសហរដ្ឋអាមេរិក ។ ម៉្យាងទៀតដោយខេត្តសៀមរាប ជាខេត្តមានសក្តានុពលក្នុងវិស័យទេសចរ ហើយក៏មានអ្នកទទួលបានផលពីសក្តានុពលជាច្រើននៅទីនេះផងដែរ ។ ក្នុងនោះលោកសង្ឃឹមថា គម្រោងនេះនិងចូលរួមចំណែកជាច្រើននៅក្នុងវិស័យនេះផងដែរ ។

លោក ពិន ប្រាកដ ក៏បានសម្តែងនូវអំណរគុណ រាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់សំណង់អគារពេទ្យ ដល់ ខេត្តសៀមរាប ដែលជាគម្រោងហិរញ្ញទានឥតសំណងនេះ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវគុណភាពសេវាសុខភាព និង ពង្រីកនូវសេវាសុខភាពគ្រប់ដណ្តប់នៅក្នុងតំបន់ ។ លោកបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយ ភាពឈ្លាវៃ និងប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យមានការអភិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់ នៅទូទាំងរាជធានី-ខេត្ត បើទោះបីជារយៈ ពេលជិតពីរឆ្នាំមកនេះ យើងជួបវិបត្តិសេដ្ឋកិច្ច ដោយសារតែការរីក រាលដាលនៃជម្ងឺកូវីដ-១៩ យ៉ាងណាក្តី ក៏កម្ពុជានៅតែអាចជំនះរាល់ ឧបស័គ្គទប់ទល់នឹងវិបត្តិដ៏ធ្ងន់ធ្ងរនេះ ហើយសម្រេចបានលទ្ធផលគួរ ជាទីមោទនៈ។ ដោយឡែកសម្រាប់ខេត្តសៀមរាប ក៏មានការរីកចម្រើនលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ លើវិស័យផ្គត់ផ្គង់ទឹកស្អាត ភ្លើង អគ្គិសនី សេវាកម្មផ្សេងៗ ពិសេសគឺការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន ៣៨ខ្សែ និងការកែលំអរដងស្ទឹងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានពីសំណាក់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវ បញ្ចប់ជាស្ថាពរ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ដ៏ខ្លីខាងមុខនេះ។ ជាក់ស្តែងការប្រារព្ធពិធីក្រុងពលី និងបើកការដ្ឋានសាង សង់អាគារមន្ទីរពេទ្យបង្អែកថ្មីខេត្តសៀមរាប នឹងក្លាយជាសមិទ្ធផល មួយថ្មីស្រឡាងមួយបន្ថែមទៀត លើវិស័យសុខាភិបាលរបស់ខេត្ត នឹង ជួយសម្រួលឲ្យការផ្តល់សេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋរបស់យើង កាន់តែមានផាសុខភាព និងប្រកបដោយប្រសិទ្ធភាព ។ ក្នុងនាមជាអាជ្ញារធរខេត្ត ក៏ដូចប្រជាពលរដ្ឋខេត្តសៀមរាប និង ប្រជាពលរដ្ឋកម្ពុជា ឯកឧត្តមបានចងចាំនូវទឹកចិត្តដ៏ប្រពៃសប្បុរសនេះ និងសូមចារឹកទុកក្នុងចិត្ត និងសូមឲ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនជាបងប្អូនទាំងពីរ (កម្ពុជា-ជប៉ុន) ស្ថិតស្ថេរជាអង្វែងតរៀងទៅ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។