ព័ត៌មានជាតិ

រដ្ឋមន្ដ្រីកសិកម្ម អញ្ជើញចូលរួមបើកសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)

(ភ្នំពេញ) ៖នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បាអញ្ជើញនចូលរួមបើកសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៅសណ្ឋាគារភ្នំពេញ។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីប្រកាសជាផ្លូវការអំពីការចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ទៅកាន់ភាគីពាក់ព័ន្ធទាំងអស់ ពិភាក្សានិងបញ្ជាក់ពីយុទ្ធសាស្ត្រនិងវិធីសាស្ត្រនៃការអនុវត្តកម្មវិធី និងការរៀបចំផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៣។ គម្រោងនេះមានរយៈពេល ៧ឆ្នាំ ដើម្បីឈានទៅធ្វើពាណិជ្ជកម្មខ្សែច្រវាក់កសិផលសំខាន់ៗ ដូចជា បន្លែ មាន់ ស្វាយចន្ទី ផ្លែឈើស្រស់ និងផលិតផលផ្លែឈើកែច្នៃ។

ក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះមូលនិធិ IFAD និងដៃគូសហការ ដែលបានរួមចំណែកជួយរដ្ឋាភិបាលក្នុងការលើកស្ទួយជីវភាពរបស់ប្រជាកសិករចាកចេញពីភាពក្រីក្រ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី គោលនយោបាយរបស់ក្រសួង គឺសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ដោយមិនត្រូវបន្តឱ្យមានការកាប់ព្រៃឈើ និងនេសាទខុសច្បាប់ទៀតឡើយ ហើយគោលនយោបាយនេះរំពឹងថានឹងត្រូវបានដាក់បញ្ចូលក្នុងសកម្មភាពគម្រោង។ សន្តិសុខស្បៀង គឺត្រូវធ្វើការងារក្នុងខ្សែច្រវាក់ផលិតកម្មតាំងពីអ្នកផលិតរហូតដល់ទីផ្សារ ដោយធានាការផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងការនាំចេញផងដែរ។

ឯកឧត្តមបានបន្ថែមទៀតថា គម្រោងត្រូវគិតគូរលើការប្រើប្រាស់នូវបច្ចេកវិទ្យាក្នុងវិស័យកសិកម្មទំនើប(Agriculture Digitalization) ដើម្បីឈានទៅរកកសិកម្មឆ្លាតវៃ(Smart Agriculture) ផ្សារភ្ជាប់នឹងទូរស័ព្ទ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀតក្នុងការកាត់បន្ថយការចំណាយ។ ជាមួយគ្នានេះដែរ ត្រូវពិនិត្យលទ្ធភាព និងពិចារណាលើការប្រើប្រាស់ប្រព័ន្ធស្រោចស្រពដែលចំណាយតិចដូចជាប្រព័ន្ធបង្ហូរ ការប្រើប្រាស់ថាមពលព្រះអាទិត្យឬសូឡា ការប្រើប្រាស់ភ្លើងបូមទឹកពេលយប់ដែលមានតម្លៃទាប ព្រមទាំងការចងសហគមន៍កសិកម្ម និងការអនុវត្តកសិកម្មតាមកិច្ចសន្យា ព្រមទាំងទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ផលិតកម្ម ដើម្បីទទួលបានប្រាក់ចំណេញដល់គ្រប់ភាគី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។