ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ដ្រីវេង សាខុន និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍ Granot

នៅវេលាម៉ោង ១៤.០០ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ដ្រី និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍ Granot។

លោក Sharon shlezinger នាយកប្រតិបត្តិសហព័ន្ធសហករណ៍ បានធ្វើបទបង្ហាញអំពីប្រវត្តិរបស់សហព័ន្ធសហករណ៍នេះថា បានបង្កើតឡើងនៅឆ្នាំ១៩៤០ ហើយជាសហព័ន្ធសហករណ៍ធំជាងគេទីពីរក្នុងរដ្ឋអ៊ីស្រាអែល ដែលមានទីតាំងកណ្តាលប្រទេសចន្លោះទីក្រុង Tel Aviv និង Haifa។ Granot បង្កើតឡើងដោយមានការចងក្រង និងចូលរួមពី ៤១សហគមន៍
ក្នុងនោះមាន ២០រោងចក្រ និងសាជីវកម្មដែលផ្តោតជាសំខាន់លើវិស័យកសិកម្ម ហើយមានចំណូលប្រចាំឆ្នាំសរុបប្រមាណជិត ១ពាន់លានដុល្លារអាមេរិកដែលចំណូលនេះទទួលបានពីវិស័យជាច្រើនរួមមានវិស័យកសិកម្ម ហិរញ្ញវត្ថុ កសិ-ឧស្សាហកម្ម និងការបណ្តុះបណ្តាល ថាមពល ហេដ្ឋារចនាសម្ព័ន្ធ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានសួរនាំជាច្រើនទាក់ទងនឹងការរៀបចំ ចងក្រង និងជ្រើសរើសថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាលនៃសហព័ន្ធសហករណ៍ ការដឹកនាំ គ្រប់គ្រង ចំណាយ ចំណូលប្រចាំឆ្នាំ គោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការផ្សព្វផ្សាយ ការបណ្តុះបណ្តាល។ល។ បន្ទាប់ពីទទួលបានការបកស្រាយពីលោក Sharon ឯកឧត្តមរដ្ឋមន្ដ្រីក៏បានស្នើសុំយោបល់បន្ថែមអំពីការបង្កើត និងដឹកនាំសហករណ៍(សហគមន៍កសិកម្ម)នៅកម្ពុជា ជាពិសេសទិសដៅរយៈពេលខ្លី និងវែង។

លោក Sharon បានជូនយោបល់ថា សម្រាប់កម្ពុជាគួរចងក្រង និងប្រមូលផ្តុំសហគមន៍រួមគ្នា រៀបចំគោលនយោបាយដឹកនាំ គ្រប់គ្រង និងហិរញ្ញវត្ថុឲ្យមានភាពប្រទាក់ក្រឡា ទំនាក់ទំនងល្អ អភិបាលកិច្ច និងសុខដុមនីយកម្មជាពិសេសពីសហគមន៍មួយទៅសហគមន៍មួយ។ ហើយក៏ស្វាគមន៍ភាគីកម្ពុជាមកសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ពីសហព័ន្ធសហករណ៍ Granot បាន ហើយរង់ចាំផ្តល់ប្រឹក្សាយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ដើម្បីរួមគ្នាជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។