ព័ត៌មានជាតិ

ឯកឧត្ដម អ៊ុន ចាន់ដា បានជំរុញ​ដល់​សាខាសមាគម សិស្ស និស្សិត បញ្ញាវន្តក្មេងវត្ត ខេត្តកំពង់ចាម​ ឱ្យ​បន្តធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម ពិសេសនៅតាមបណ្តាវត្តអារាម

(កំពង់ចាម​) ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​ជំរុញ​ដល់​សាខាសមាគម សិស្ស និស្សិត បញ្ញាវន្តក្មេងវត្ត ខេត្តកំពង់ចាម​ ឱ្យ​បន្ត​សកម្មភាព​ការងារមនុស្សធម៌ ជួយដល់សង្គម​ នៅ​តាម​បណ្ដា​ក្រុង​ ស្រុក​ ជាពិសេសគឺនៅតាមបណ្តាវត្តអារាម​នានា​ទូទាំងខេត្តកំពង់ចាម​ ថ្លែង​បែប​នេះ​ក្នុង​កិច្ច​ប្រជុំ​បូកសរុប​សកម្មភាព​ការងារ​ឆ្នាំ​២០២៣​ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់សាខាសមាគម សិស្ស និស្សិត បញ្ញាវន្តក្មេងវត្ត ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២៥​ ខែមករា​ ឆ្នាំ​២០២៤​ ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែង​នូវ​ការ​កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់​ថ្នាកដឹកនាំ​ សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ដែលបាន ចូលរួមធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម ដោយបានចំណាយទាំង កម្លាំងកាយ ប្រាជ្ញាស្មារតី ធនធាន សម្ភារៈ ថវិកា ពេលវេលា សម្រេចបាននូវសកម្មភាពជាច្រើន សម្រាប់ឆ្នាំ២០២៣ កន្លងមក ជាមួយនឹងការដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តទៀត។

ឯកឧត្ដម អ៊ុន ចាន់ដា បានបន្ត​ថា​ សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ថ្វីត្បិតតែទើបបង្កើតឡើងបានជាង បីឆ្នាំក៏ពិតមែន ប៉ុន្តែសាខាសមាគមមួយនេះ បាននឹងកំពុងធ្វើសកម្មភាព មនុស្សធម៌ជាច្រើននៅតាមមូលដ្ឋាន ដែលជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។ ពិសេស បានប្រគេន បច្ច័យ សម្ភារៈ ទេយ្យវត្ថុ ដល់ព្រះសង្ឃនៅតាមវត្តអារាម ដើម្បីជួយសម្រួលដល់ការលំបាក ផងដែរ។

បេីតាម​លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគម​ សិស្ស និស្សិត បញ្ញាវន្តក្មេងវត្ត ខេត្តកំពង់ចាម​ បានឱ្យដឹងថា​ នៅក្នុងរយៈពេលកន្លងទៅនេះ សាខាសមាគមបានដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តចុះទៅពិនិត្យ និងពិគ្រោះយោបល់ប្រគេនព្រះ សង្ឃ យាយជី តាជី បងប្អូនប្រជាជនចំនួន០៦លើក, បានចូលរួមសកម្មភាពសង្គមចំនួន១៣៦លើក ក្នុងនោះអនុ សាខាក្រុង ស្រុក៣៩លើក, បានចុះផ្សព្វផ្សាយពីគោលបំណងសមាគម និងបានបញ្ញាបគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ដឹកនាំរបស់រដ្ឋបាលខេត្ត នៅតាមវត្តអារាមបានចំនួន៩៦វត្ត ដើម្បីកសាង សមាជិក សមាជិកា និងជាការកៀរគរសំឡេងគាំទ្រទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យ​បានកាន់តែ​ច្រើនឡើងថែមទៀត នៅតាមមូលដ្ឋាន​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។