ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ចង់បានសុខសន្តិភាព មិនចង់បានសង្រ្គាមដូចកាលពីអតីតកាលនោះទេ

(ព្រះសីហនុ) ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាស អបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០២៤ នៅព្រឹកថ្ងៃពុធទី១ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា គ្មានគោលការណ៍ណាមួយឱ្យយកប្រទេសរបស់ខ្លួនធ្វើជាមូលដ្ឋានដើម្បីឱ្យប្រទេសមួយ ប្រឆាំងនឹងប្រទេសមួយទៀតនោះឡើយ ពោលគឺកម្ពុជា ត្រូវមានសាមគ្គីភាពជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ព្រោះកម្ពុជាចង់បានសុខសន្តិភាព មិនចង់បានសង្រ្គាមដូចកាលពីអតីតកាលនោះទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំទៅអ្នកនយោបាយមួយចំនួន កុំយកបញ្ហាសេដ្ឋកិច្ចសង្គមពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះ ទៅផ្សាភ្ជាប់នឹងរឿងនយោបាយនិងកងទ័ពឱ្យសោះ ពីព្រោះថា នាវាចម្បាំងដឹកយន្តហោះ មិនអាចធ្វើដំណើរចូលតាមព្រែកជីកនេះបានឡើយ។

ជាថ្មីម្តងទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនបម្រើតែផលប្រយោជន៍របស់កម្ពុជាប៉ុណ្ណោះនោះទេ តែក៏ដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសក្នុងតំបន់ រួមទាំងវៀតណាម និងឡាវផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏អំពាវនាវដល់ជនរួមជាតិទាំងអស់រួបរួមសាមគ្គីគ្នាការពារផលប្រយោជន៍ជាតិ ការពារសន្តិភាព ការពារការរីកចម្រើនរបស់ប្រទេសជាតិ និងបញ្ចៀសកុំឱ្យធ្លាក់ទៅក្នុងអន្ទាក់របស់ប្រទេសមហាអំណាចជាថ្មីម្តងទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។