ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការលើកទី១ ឆ្នាំ២០២៤

(កំពង់ចាម) ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការលើកទី១ ឆ្នាំ២០២៤ នៅសល់ប្រជុំធំសាលាខេត្តកំពង់ចាម ។

ពិធីបើកវគ្គនេះមានការអញ្ជើញចូលរួម ពីលោក លោកស្រី ជាអភិបាលរងខេត្ត អភិបាល អភិបាលរង ក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាព និងការិយាល័យចំណុះសាលាខេត្ត និង គ្រូឧទ្ទេសថ្នាក់ខេត្តផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា នេះជាវគ្គបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការលើកទី១ សម្រាប់មន្ត្រីរដ្ឋបាលក្រុង ស្រុក ដែលមានមុខតំណែងជាអនុប្រធានការិយាល័យ អនុប្រធានអង្គភាព ទាំង១៣ ចំណុះក្រុង ស្រុក ក្នុងខេត្តកំពង់ចាម ក្រោមការផ្តួចផ្តើមឡើងដោយគណៈអភិបាលខេត្ត ក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការក្រុង ស្រុក នៃរដ្ឋបាលខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា យោងតាមប្រកាសលេខ ៦៦០៦ ប្រក ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ស្ដីពីការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរាជការស៊ីវិលនៅទីស្តីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បានបំពេញតួនាទីយ៉ាងល្អប្រសើរក្នុងការអភិវឌ្ឍសមត្ថភាពជូនមន្ត្រីរាជការឱ្យបានយ៉ាងហោចណាស់ ៣០ម៉ោង ក្នុង១ឆ្នាំ។ នេះជារបៀបវារៈមួយ ដែលបានចូលរួមចំណែកលើកកម្ពស់អភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាព វិជ្ជាជីវៈក្នុងការបំពេញការងារ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ រួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា ដើម្បីជាក្របខ័ណ្ឌរួមក្នុងការកសាងស្ថាប័នរដ្ឋមួយរឹងមាំ និងឯករាជ្យដែលមានប្រព័ន្ធអភិបាលកិច្ចត្រូវបានធ្វើទំនើបកម្មជាប្រចាំ គ្រប់ជ្រុងជ្រោយ មានភាពធន់ និងមានប្រសិទ្ធភាព និងសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចក្នុងល្បឿនខ្ពស់ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងសកលលោក។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ជាការពិតណាស់ បើមន្ដ្រីនៅថ្នាក់មូលដ្ឋានមានសមត្ថភាពបំពេញការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាឱកាសពិសេសសម្រាប់ការប្រែក្លាយកម្ពុជា ដែលជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងរយៈពេលខ្លីជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស ព្រមទាំងការធ្វើសមាហរណកម្មដោយជោគជ័យទៅក្នុងតំបន់ និងសកលលោក។

ជោគជ័យដ៏ធំធេង និងត្រចះត្រចង់ខាងលើបានមកពីកិច្ចខិតខំប្រឹងប្រែងយ៉ាងប្ដូរផ្តាច់របស់រាជរដ្ឋាភិបាល ដែលប្រកាន់ខ្ជាប់នូវការតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមទាំងការអនុវត្តការកែទម្រង់ជាប្រចាំ ដោយមានការគាំទ្រពីគ្រប់ដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធ ក៏ដូចជាការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។