ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ភាគីពាក់ព័ន្ធ បន្តផ្តល់នូវការគាំទ្រនិងចូលរួមអនុវត្ត ចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»

(ភ្នំពេញ) ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍពាក់ព័ន្ធ ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន/រោងចក្រ និងបងប្អូនជនរួមជាតិទាំងអស់ មេត្តាបន្តផ្តល់នូវការគាំទ្រ និងចូលរួមអនុវត្តឱ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព ភាពស្អាត និងបៃតង និងភាពទាក់ទាញខ្ពស់សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សក្តិសមនឹងកិត្តិនាម «កម្ពុជា : ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»។

នៅក្នុងសារលិខិតអបអរសាទរនាឱកាសទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទេសចរណ៍» នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើដល់ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បន្តសហការជាមួយក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដាក់ចេញចលនាប្រឡងប្រណាំង «ទីប្រជុំជនទេសចរណ៍ស្អាត» ឆ្នាំ២០២៤ ដែលនេះជាការពង្រីកវិសាលភាពនៃយន្តការទីក្រុងស្អាត។

នៅក្នុងសារលិខិតដដែលនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍទីក្រុង តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ និងការកៀរគរប្រភពធនធានផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។