ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកជំងឺចេញទៅព្យាបាលនៅក្រៅប្រទេសចំនួនតិចតួច បើប្រៀបចំនួនអ្នកជំងឺព្យាបាលក្នុងស្រុក

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អត់មានអ្វីចម្លែកទេ ចំពោះអ្នកមានលទ្ធភាពចេញទៅព្យាបាលនៅក្រៅប្រទេស ដូចជាអ្នកនៅប្រទេសកាណាដា ចេញទៅព្យាបាលនៅប្រទេសអាមេរិក រីឯអ្នកអាមេរិក ក៏ចេញទៅព្យាបាលនៅប្រទេសជប៉ុន និងប្រទេសផ្សេងៗទៀត នេះជាជម្រើសរបស់គេ។ ប៉ុន្តែនៅកម្ពុជា មានជំនាញមួយចំនួន ដែលអាចអូសទាញអ្នកក្រៅប្រទេសមកវិញ ជាឧទាហរណ៍ ព្យាបាលធ្មេញ មិនមានអ្នកណាជិះយន្តហោះទៅប្រទេសបារាំងទេ និងការវះកាត់បេះដូងនៅកម្ពុជា ក៏មានគ្រូពេទ្យជំនាញខ្លាំងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា មានអ្នកជំងឺក្មេងម្នាក់ដែលពេទ្យគ្រូពេទ្យធំនៅបារាំង បានវាយតម្លៃថា សង្ឃឹម ១០% ដែលវះកាត់ជោគជ័យ បែរជាក្មេងនោះ ត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់បានជោគជ័យ នេះជាជំនាញរបស់ពេទ្យខ្មែរ គឺមិនអន់ទេ។ ចំណុចនេះ ត្រូវបង្កើនសមត្ថភាព និងបំពាក់ឧបករណ៍ឱ្យបានគ្រប់គ្រាន់ ពីព្រោះយើងចាញ់គេនៅត្រង់មិនទាន់មានឧបករណ៍ទំនើបៗ តែជំនាញមានស្រាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នេះជាអ្វីដែលរាជរដ្ឋាភិបាល បានខិតខំកសាងជំនាញពេទ្យរបស់យើងក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមក នេះជាមោទនភាពដែលការផ្តល់សេវា ៩លាននាក់នេះ នឹងស្ថិតនៅក្នុងដណ្តាប់ដៃ ក្នុងការទទួលខុសត្រូវរបស់អ្នកដែលមានសមត្ថភាពជួយជាតិ ជាសេនារបស់ទេវតា ក្នុងការជួយដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។