ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ៖ការញៀនល្បែងស៊ីសង គឺអាចនាំឱ្យមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ធ្លាក់ចូលទៅក្នុងអំពើអបាយមុខផ្សេងៗ ដែលនាំឲ្យបំផ្លាញដល់អនាគតខ្លួនឯង​ និងក្រុមគ្រួសារ

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុង​កិច្ចប្រជុំពិភាក្សា ស្តីពិការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងខេត្តកំពង់ចាម​ ដែលកិច្ចប្រជុំប្រព្រឹត្តទៅនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។

កិច្ចប្រជុំ ពិភាក្សានេះក៏មានការអញ្ជើញ ចូលរួមជាគណៈអធិបតីពី គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា​ តំណាងអយ្យការអមសាលាដំបូងខេត្ត និងដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំងបី អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ និងអ្នកពាក់ព័ន្ធ ប្រមាណជិត ៥០០នាក់។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្អម អ៊ុន ចាន់ដា ភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលខេត្តក៏បានចាត់វិធានការយ៉ាងតឹងរឹងបំផុតចំពោះល្បែងស៊ីសងគ្រប់ប្រភេទដែល មាននៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ ក្នុងរយៈពេល ១ខែកន្លងមកនេះគិតចាប់តាំងពីថ្ងៃទី ១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្ត បានចាត់វិធានការបិទទីតាំងល្បែងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន​ ដោយរកឃើញក្រុមហ៊ុនឆ្នោតឡូតូទាំងមាន​ និងគ្មានអាជ្ញាប័ណ្ណពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចំនួន ៨ក្រុមហ៊ុន ស្មើនឹង ៤៩៥ទីតាំង​។

ឯកឧត្ដមអភិបាលខេត្ត​ បានបន្ត​ថា​ ចំពោះប្រជាពលរដ្ឋ ប្រជាពលរដ្ឋ ដែលខ្វះការយល់ដឹងពីហានីភ័យ និង ផលប៉ះពាល់ នៃល្បែង ស៊ីសង បណ្តាលឱ្យចាញ់ល្បែង ពេលចាញ់ល្បែង នាំឱ្យកើតឡើងនូវបទល្មើស លួច ឆក់ ប្លន់បង្កើត ឱ្យមានការ ឆបោក កើតអំពើហិង្សាក្នុងគ្រួសារ បាត់បង់ទ្រព្យសម្បត្តិ ការលែងលះប្តីប្រពន្ធ កូន បាត់បង់ការសិក្សា កើតមានភាពលោភលន់ ចង់មានបានទ្រព្យសម្បត្តិឆាប់រហ័ស នាំឱ្យ មានបំណុល ផ្ទាល់ខ្លួន ជួបប្រទះនូវបញ្ហាជីវភាពក្នុងគ្រួសារ កើតការក្លែងបន្លំ ឯកសារនានា ការលាងលុយកខ្វក់ ការកេងបន្លំ ការជួញដូរ និង ប្រើប្រាស់គ្រឿងញៀន​ ។ ល។​

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានសង្កត់ធ្ងន់ថា​ ខាងលើនេះគឺជា ទឡ្ហីករណ៍​មួយ ដែលក្នុងនាមអភិបាលខេត្ត ខ្ញុំចាំបាច់ត្រូវតែ ចាត់វិធានការណ៏ ជាបន្ទាន់ និងមានប្រសិទ្ធភាពបំផុត ដើម្បីការពារ និង អនុវត្តឱ្យបាន លក្ខណៈសម្បត្តិនៃ គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។​

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា​ បានរៀបរាប់អំពីល្បែងស៊ីសង ផ្សងសំណាងខុសច្បាប់មាននៅកម្ពុជា ដោយមិនបានសុំការអនុញ្ញាតពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ដោយកន្លងថ្មីៗនេះ ក៏​មាន​ការផ្សព្វផ្សាយដែលបានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ ។

ជាមួយគ្នានោះ​ ឯកឧត្តម រស់ ភីរុណ បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធរួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពង្រឹងការស្រាវជ្រាវពីប្រភពនៃប្រតិបត្តិការល្បែង​ ដើម្បីចាត់វិធានការតាមនីតិវិធី។​ បង្កើនយុទ្ធនាការអប់រំ និងណែនាំដល់សាធារណជន និងបុគ្គលពាក់ព័ន្ធទាំងអស់ឱ្យយល់អំពីការប្រព្រឹត្ត ឬចូលរួម ឬពាក់ព័ន្ធនឹង សកម្មភាពល្បែងដែលខុសច្បាប់ គឺត្រូវប្រឈមនឹងទោសទណ្ឌតាមច្បាប់ ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។