ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាបនិមន្តព្រះសង្ឃប្រោះព្រំចំរើនសិរីសួស្តី សម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(សៀមរាប) ៖នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤​ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាប័ននានាជុំវិញខេត្តបានរៀបពិធីសូត្រមន្តចំរើនព្រះបរិត្តប្រោះព្រំសិរីសួស្តីជ័យមង្គលជូនថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំរោង ឆស័ក ព.ស២៥៦៧ គ.ស២០២៣ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ។​ ពិធីនេះ ក៏បាននិមន្ត ព្រះមេគណខេត្តទាំងពីរគណៈ មន្ត្រីសង្ឃខេត្ត ព្រមទំងព្រះគ្រូចៅអធិការវត្ត សូត្រជ័យន្តោប្រោះព្រំសុំសុខសិរីសួស្តីគ្រប់ប្រការ និងបានវេរភ័ត្តរាប់បាត្រព្រះសង្ឃចំនួន៥៦អង្គទៅតាមលំអានប្រពៃណីព្រះពុទ្ឋសាសនា។

ក្នុងឱកាសចូលឆ្នាំៗនេះ រដ្ឋបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងរួមសហការរៀបចំនូវ ព្រឹត្តិការសៀមរាប-សង្ក្រាន្ត នៅតាមដងស្ទឹងសៀមរាបពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៤ ដើម្បីញ៉ាំងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឱ្យកាន់តែអធិកអធម ដើម្បីបង្កើននូវភាពទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ ក្នុងនិងក្រៅប្រទេស ចូលមកទស្សនាកម្សាន្តខេត្តសៀមរាបកាន់តែមានការកើនឡើងជាបន្តបន្ទាប់។ ព្រឹត្តិការណ៍នេះនឹងមានរួមបញ្ចូលនូវកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា ការលេងល្បែងប្រជាប្រិយខ្មែរ ការជិះទូកលេងតាមដងស្ទឹង ការវាយកូនហ្គោលសៀមរាបសង្ក្រាន្ត ការតាំងពិព័រណ៍ម្ហូបអាហារ ការទស្សនាផ្សារបណ្តែតទឹក និងការប្រគំតន្ត្រីនាពេលរាត្រី ជាដើម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។