ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវព្រះវិហារថ្មីវត្តអារញ្ញមានជ័យ (ហៅវត្តត្រីញ័រ) ស្ថិតក្នុងភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប

(សៀមរាប) ៖ ថ្ងៃអាទិត្យ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ វត្តអារញ្ញមានជ័យ (ហៅវត្តត្រីញ័រ) ស្ថិតក្នុងភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាបបានរៀបចំពិធីកាត់ឫសសីមាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវព្រះវិហារថ្មីវត្តអារញ្ញមានជ័យ (ហៅវត្តត្រីញ័រ) ក្រោមអធិបតីភាពព្រះធម្មសិរី ជុំ គឹមឡេង អាភាករោ ព្រះសុមង្គលសិលាចារ្យ និងជាមេគុណខេត្តសៀមរាប ឯកឧត្តម ហ៉ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ពិន ប្រាកដ អភិបាលរងខេត្តតំណាងឯកត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៊ុំ សុជាតិ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំ ត្រពាំងធំតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអ៊ុំ ភូមិរ៉ូប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ឃុំត្រពាំងធំ។

ក្រោយពីស្តាប់របាយការណ៍ស្វាគមន៍របស់លោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលស្រកប្រាសាទបាគង និងរបាយការណ៍អំពីការសាងសង់របស់គណៈកម្មការវត្តរួចមក លោក ពិន ប្រាកដ បានបញ្ជាក់ថាកត្តាសុខសន្តិភាព គឺបានធ្វេីឱ្យប្រទេសជាតិមានការរីកចម្រេីនជាបន្តបន្ទាប់ ដូចលោកយាយ លោកតាបានឃេីញនៅនឹងទីនេះស្រាប់។ ម្យ៉ាងទៀត សមិទ្ធផលទាំងនេះគឺបានពីការសាមគ្គីភាពរវាងបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជន ហេីយក៏ជាការខិតខំរបស់គណៈកម្មការចំណុះជេីងវត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានងដែរ។ លោក អភិបាលរងខេត្តក៏បានកោតសរសេីរ និងសូមឱ្យបងប្អូនមានវប្បធម៌ ចែករំលែក និងសាមគ្គីគ្នាបន្តទៀត ដេីម្បីសហការសាងសង់សមិទ្ធផលនានានៅមូលដ្ឋានបន្ថែមទៀត។

ឯកឧត្តម រដ្ឋលេខាធិការ ការរៀបចំប្រារព្ធពិធីបុណ្យកាត់ឫសសីមា និងកាត់ខ្សែបូសម្ពោធឆ្លងព្រះវិហារថ្មី វត្តអារញ្ញមានជ័យ ហៅវត្ត ត្រីញ័រ ក្នុងឱកាសនេះ សរបញ្ជាក់កាន់តែច្បាស់ថា រាជរដ្ឋាភិបាលបានផ្តល់តួនាទីយ៉ាងសំខាន់ដល់ព្រះពុទ្ធសាសនា ក្នុងសង្គមខ្មែរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។ ក្នុងបរិការណ៍នេះ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិរបស់ថ្នាក់ដឹកនាំ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដ៏ឆ្នើម និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយប្រទេសជាតិពីការយកជីវិតជាដើមទុន មកជានីតិរដ្ឋ ការគោរពច្បាប់ លទ្ធិប្រជាធិប តេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព តាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោនណាក់កាលទី១ ទី២ ទី៣ ទី៤ និងទី៥ ជាបន្តបន្ទាប់។ ក្រោមបន្ទាត់នយោបាយដ៏ត្រឹមត្រូវនេះ ប្រទេសជាតិរបស់យើងមានការ អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយសេរីភាពខាងជំនឿ និងការប្រតិបត្តិខាងសាសនា ក៏ត្រូវបានរដ្ឋធានាក្នុង ល័ក្ខខ័ណ្ឌ ដែលមិនធ្វើឱ្យប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ ដល់សណ្តាប់ធ្នាប់ និងដល់សន្តិសុខសាធារណៈ។ ស្របពេលជាមួយគ្នានេះ ទោះបីជំនឿត្រូវយើងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនក្តី តែក៏យើងត្រូវខិតខំធ្វើឱ្យប្រសើរឡើង ថែមទៀត ជាពិសេសការបង្កើនគំនិតបណ្តុះគុណធម៌ សីលធម៌ ចរិយាធម៌ ឱ្យមានទឹកចិត្តស្រឡាញ់ គោរព ស ណ្តោស និងការដឹងគុណនៃអ្នកមានគុណទាំងឡាយរបស់ពលរដ្ឋខ្មែរ។

ឯកឧត្តម បានថ្លែងអំណរគុណចំពោះកម្លាំងសាមគ្គីដ៏ល្អប្រពៃផុសចេញពី សណ្តានចិត្តរបស់ពុទ្ធសាសនិក ព្រះសង្ឃនៅតាមទីវត្តអារាម លោកយាយ លោកតា ដែលតែងតែមានសទ្ធាជ្រះថ្លាបានលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត បូជាចំពោះព្រះរតនត្រ័យ និងជួយអប់រំកូនចៅឱ្យប្រតិបត្តិតែអំពើជា កុសល ដែលជាការរួមចំណែកយ៉ាងធំធេង ក្នុងការបណ្តុះនូវធនធានមនុស្ស ប្រកបដោយសីលធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរក្នុងសង្គម ពិសេសការបណ្តុះនូវគំនិត ឆន្ទៈ និងមនសិការស្នេហាជាតិ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។