ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ចូលរួមអបអរសាទររមណីយដ្ឋានប្រាសាទកោះកេររបស់កម្ពុជា ជាបេតិកភណ្ឌវប្បធម៌រូបិយពិភពលោកនៃអង្គការយូណេស្កូ

(ភ្នំពេញ) ៖នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការថ្នាក់កណ្តាលក្រសួង ចូលរួមអបអរសាទររមណីយដ្ឋានប្រាសាទកោះកេររបស់កម្ពុជា ដែលត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌រូបិយពិភពលោកនៃអង្គការយូណេស្កូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានមានប្រសាសន៍ថា ការទទួលស្គាល់ផ្លូវការ “រមណីយដ្ឋានប្រាសាទកោះកេរ” ជាបេតិកភណ្ឌពិភពលោកនៅពេលនេះ គឺជាមោទនភាពជាតិដ៏ថ្មីមួយទៀតបន្ទាប់ពី តំបន់រមណីយដ្ឋានអង្គរ ប្រសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់នៅឆ្នាំ១៩៩២ ឆ្នាំ២០០៨ និងឆ្នាំ២០១៧។

សមិទ្ធផលទាំងនេះ គឺពិតជាកើតចេញពីការចូលរួម និងទឹកចិត្តស្រឡាញ់មោះមុតរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប ជាពិសេសកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់អាទិភាពខ្ពស់ដល់កិច្ចការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ។

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្ដេជ្ញារួមគ្នាលើកតម្កើងមរតកវប្បធម៌ និងការពាររមណីយដ្ឋានប្រាសាទកោះកេរឱ្យបានគង់វង្ស ព្រោះថា “កិច្ចថែរក្សា និងការពារបេតិកភណ្ឌជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។