ព័ត៌មានជាតិ

ថ្ងៃវរៈឡើងស័ក អភិបាលខេត្តកំពង់ចាម ចុះពង្រឹងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា

(កំពង់ចាម) អនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៤ ស.ស.រ និងសេចក្តីសម្រេចលេខ៤៩ ស.ស.រ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដែលជាថ្ងៃចូលឆ្នាំទីបី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងអាជ្ញាធរមូលដ្ឋាន បន្តអញ្ជើញចុះពិនិត្យគោលដៅសំខាន់ៗចំនួន៤ ទីតាំង ដើមចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេច ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីចូលរួមអនុវត្តតាមសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

គោលដៅទី១ ព្រំប្រទល់ស្រុកបាធាយ ខេត្តកំពង់ចាម-ជាប់និងស្រុកពញាឮ ខេត្តកណ្តាល លើកំណាត់ផ្លូវជាតិលេខ៦។

គោលដៅទី២ ព្រំប្រទល់ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាប់និងស្រុកតាំងគោក ខេត្តកំពង់ធំ។

គោលដៅទី៣ ព្រំប្រទល់ស្រុកចំការលើ ជាប់និងស្រុកតាំងគោល ខេត្តកំពង់ធំ។

គោលដៅទី៤ ព្រំប្រទល់ស្រុក ចំំការលើ ខេត្តកំពង់ចាម ជាប់និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ទន្ទឹមនឹងការចុះត្រួតពិនិត្យនោះ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចឱ្យយកចិត្តទុកដាក់អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ នៅតាមគោលដៅរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសការកាត់ផ្តាច់ខ្សែចម្លង ក្នុងព្រឹត្តិការណ៍ «សហគមន៍២០ កុម្ភៈ» តាមរយៈការផ្អាកចរាចរណ៍ពីតំបន់មួយទៅកាន់តំបន់មួយទៀត៕ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។