ព័ត៌មានជាតិ

ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជូនរដ្ឋបាលខណ្ឌដូនពេញ

(ភ្នំពេញ)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជូនដល់រដ្ឋបាលខណ្ឌដូនពេញ។

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានទទួលអំណោយនេះសម្រាប់ចែកជូនប្រជាពលរដ្ឋមានជីវភាពទ័លក្រ និងខ្វះខាតស្បៀងអាហារក្នុងដំណាក់កាលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

អំណោយទាំងនេះរួមមាន៖ មី៥កេសធំ ទឹកសុទ្ធ១០កេស ភេសជ្ជៈ ១០កេស ម៉ាស ២កេស អាល់កុលលាងដៃ ៨កានធំ ដបតូច ៨កេស ភេសជ្ជៈ ១០កេស និងថវិការ ២លានរៀល។

លោកបណ្ឌិត សុខ សុក្រឹត្យា បានលើកឡើងថា ជំនួយទាំងនេះ ដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយនេះ ក៏ដូចជាចូលរួមជាមួយរដ្ឋាភិបាលក្នុងការជួយដល់ប្រជាជន។

ជាមួយគ្នានេះ លោកបណ្ឌិត បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា ឱ្យម៉ឺងម៉ាត់ និងថែរក្សាអនាម័យ ដោយលាងដៃ ជាមួយ អាល់កុល ជែល ឬសាប៊ូ ដើម្បីចូលរួម បង្ការ និងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត សុខ សុក្រឹត្យា ដែលបានជួយឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងសម្ភារៈការពារកូវីដ១៩ ដើម្បីឱ្យរដ្ឋបាលខណ្ឌដូនពេញបាន បន្តយកទៅចែកចាយជូនប្រជាពលរដ្ឋមានជីវភាព ទ័លក្រ និងខ្វះខាតស្បៀងអាហារក្នុងដំណាក់កាលបិទខ្ទប់រាជធានីភ្នំពេញនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។