ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន នាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋជាង ៤០០ គ្រួសារ រស់នៅភូមិត្នោត ឃុំរកា ស្រុកពារាំង

(ខេត្តព្រៃវែង)៖ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពារាំង នាយឧត្តមសេនីយ៍ វង្ស ពិសេន រួមនឹងក្រុមការងារ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកស្បៀងអាហារចែកជូនដល់ប្រជាពលរដ្ឋរស់នៅភូមិត្នោត ឃុំរកា ក្នុងស្រុកពារាំង ខេត្តព្រៃវែង ដែលត្រូវបានហាមឃាត់ការចេញចូល និងត្រូវយកសំណាក ធ្វើចត្តាឡឺស័ក បន្ទាប់ពីកើតមានករណីវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងភូមិ។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានភាពពិភពលោកបច្ចុប្បន្ន ដែលកំពុងឆ្លងរីករាលខ្លាំងដោយសារជំងឺកូវីដ-១៩ ។

ដោយឡែកសម្រាប់កម្ពុជា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់បំផុតក្នុងការដាក់ចេញវិធានការនានា ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ។

ក្នុងភារកិច្ចចាំបាច់ចំពោះមុខ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានណែនាំឲ្យអាជ្ញាធមូលដ្ឋានត្រូវធ្វើការសិក្សាពីលទ្ធភាពក្នុងការបង្រួមតំបន់ហាមឃាត់ឲ្យនៅតូច ហើយបើកទូលាយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរចេញចូលប្រកបមុខរបអាជីវកម្មផ្សេងៗ។

ទន្ទឹមនឹងការបើកឲ្យដំណើរការចរាចរណ៍ឡើងវិញ នាយឧត្តមសេនីយ៍ ប្រធានក្រុមការងារ បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអប់រំដល់អ្នកមកពីចម្ងាយ ត្រូវស្នាក់នៅដោយឡែកនៅតាមផ្ទះរៀងៗខ្លួន ក្នុងករណីមានរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ជាដើម ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ ដើម្បីឲ្យគ្រូពេទ្យយកសំណាកទៅពិនិត្យរកមេរោគកូវីដ-១៩។

បន្ថែមលើនេះ នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមធ្វើអនាម័យឱ្យបានគ្រប់ៗគ្នា អនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការ៣ការពារ និង៣កុំ តាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចក្រសួងសុខាភិបាល ក្នុងនោះគឺត្រូវពាក់ម៉ាស ត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល ត្រូវរក្សាគម្លាតបុគ្គល កុំទៅកន្លែងដែលមានមនុស្សច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា និងកុំចូលទីកន្លែងបិទជិតគ្មានខ្យល់ចេញចូល។

សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋនាឱកាសនោះមានចំនួន ៤៤២ គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម, មីម៉ាម៉ា១កេស, ទឹកបរិសុទ្ធ១កេស ទឹកត្រី១យួ ទឹកស៊ីអ៊ីវ១យួ ទឹកក្រូច១០កំប៉ុង ត្រីខ៥កំប៉ុង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។