ព័ត៌មានជាតិ

ល្បែងសង្វៀនបញ្ជល់មាន់ដ៍ធំ និងល្បែងផ្សេងៗទៀត នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងបើកលេងយ៉ាងពពាក់ពពូន!

ប្រភពថ្មីៗពីប្រជាពលរដ្ឋក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបង្ហើបឲ្យដឹងថា ម្ចាស់កាស៊ីណូគ្មានស្លាកយីហោមួយកន្លែងក្នុងមូលដ្ឋានពួកគាត់កំពុងបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូនទាំងបំពានច្បាប់ដោយមិនខ្វល់ពីការរិះគន់និងអ្វីៗទាំងអស់!។

ចំណែកលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ មិនចាត់វិធានការទប់ស្កាត់ករណីម្ចាស់កាស៊ីណូគ្មានស្លាកយីហោបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពេញបន្ទុកនោះឡើយ។

ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញអំពីបញ្ហានេះហើយចាត់វិធានការទប់ស្កាត់ជាបន្ទាន់។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា​ កាស៊ីណូគ្មានស្លាកយីហោនោះមានទីតាំងនៅចំណុចចម្ការកៅស៊ូចុះពីផ្លូវជាតិលេខ៨អា ​ប្រមាណ១០០ម៉ែត្រប៉ុណ្ណោះក្នុងភូមិអន្លង់ជ្រៃឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នៅក្នុងកាស៊ីណូនោះមានល្បែងបញ្ជល់មាន់ បៀអាប៉ោងទ្រង់ទ្រាយធំ ហើយអ្នកចូលលេងល្បែងសុទ្ធតែជាជនជាតិខ្មែរយ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំងឺកូវីដ-១៩នោះទេ។ ប្រភពខ្លះបង្ហើបឲ្យដឹងថា មន្ត្រីធំៗក្នុងខេត្តត្បូងឃ្មុំ មួយចំនួនទទួលបានផលប្រយោជន៍ពីម្ចាស់កាស៊ីណូគ្មានស្លាកយីហោនៅភូមិអន្លង់ជ្រៃ ឃុំកក់ ទើបបណ្តោយឲ្យម្ចាស់កាស៊ីណូនោះប្រព្រឹត្តបំពានច្បាប់យ៉ាងកំរោលមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

តាមការកត់សម្គាល់ពីប្រជាពលរដ្ឋក្នុងភូមិអន្លង់ជ្រៃ បានឲ្យដឹងទៀតថា នៅថ្ងៃសុក្រ និងថ្ងៃអាទិត្យ ម្ចាស់កាស៊ីណូនោះបើកលេងល្បែងចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង១០យប់ដោយមានអ្នកចូលលេងយ៉ាងគគ្រឹកគគ្រេងតែម្តង។

ប្រជាពលរដ្ឋបានលើកឡើងថា​ ចាប់តាំងពីកាស៊ីណូគ្មានស្លាកយីហោក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពេញបន្ទុកគឺអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាច។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលភាពអសកម្មរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន​ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ខ្លះផង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។