ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង អញ្ជើញចុះត្រួតពិនិត្យសកម្មភាពសមត្ថកិច្ច អាជ្ញាធរ ចុះអនុវត្តការបិទបម្រាមគោចរពីម៉ោង៩ដល់ម៉ោង៣ភ្លឺក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

(ភ្នំពេញ) អ្នកល្មើសនឹងបម្រាមគោលចរ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ភ្លឺត្រូវផាកពិន័យធ្ងន់ធ្ងរ ម៉ូតូ២០ម៉ឺន រថយន្ត១លានរៀល។ ការអនុវត្តចាប់ពីយប់ថ្ងៃទី៣០ខែកក្កដានេះតទៅ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះអ្នកល្មើសបម្រាមគោលចរពាក់ព័ន្ធនឹងការបិទខ្ទប់រាជធានីភ្នំពេញចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ភ្លឺ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតគ្មានការលើកលែងឡើយ ហើយបើល្មើសធ្ងន់ធ្ងរអាចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការ
បន្តទៀត។

នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ឃួង ស្រេង
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលកាលពីរាត្រីថ្ងៃទី៣០ កក្កដា ចាប់ពីម៉ោង០៩យប់ ដល់ម៉ោង១១យប់ ឯកឧត្ដមបានចុះពិនិត្យគោលដៅ នៅក្នុងខណ្ឌស្សីកែវ ទួលគោក ចំការមន ខណ្ឌមានជ័យ ពោធិសែនជ័យ និងខណ្ឌសែនសុខដែលលោកបានអញ្ជើញចុះពិនិត្យនៅតាមគោលដៅត្រួតពិនិត្យមួយចំនួន នៅក្នុងភូមិសាស្ត្ររាជធានីពេញដើម្បីជម្រុញឱ្យសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌអនុវត្តការងារនេះ ឱ្យបានម៉ឹងម៉ាត់និងមានប្រសិទ្ធភាព។

ក្នុងឱកាសនោះឯកឧត្ដម ឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា ៖ការអនុវត្តនូវវិធានការ ដោយបិទបំរាមគោចរខាងលើនេះធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ពិសេសកូវីដ បំលែងថ្មីដែលតា។ លោកបានបញ្ជាក់ផងដែរថា ៖ដោយគិតពីសុខភាពនិងអាយុជីវិតបងប្អូនប្រជាពលរដ្ឋប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានចេញសេចក្តីសម្រេច បិទខ្ទប់ខេត្តចំនួន៨រួចហើយ ដើម្បីកុំឲ្យមានការរីករាលដាលនៃជំងឺកូវីដបំលែងថ្មីនេះ។ ទទឹមនឹងនេះរដ្ឋបាលរាជធានីភ្នំពេញក៏បានសម្រេច បិទបំរាមគោចរចាប់ពីម៉ោង ០៩យប់ដល់ម៉ោង៣ភ្លឺផងដែរ ដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋខណៈដែលជំងឺនេះបាននិងកំពុងរីករាលដល់យ៉ាងខ្លាំង គួរឲ្យព្រួយបារម្ភ។

ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលល្មើសនឹងបម្រាមនេះនឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយសម្រាប់ម៉ូតូ គឺត្រូវផាកពិន័យចំនួន២០ម៉ឺនរៀល។ ចំណែកឯរថយន្តត្រូវផាកពិន័យចំនួន ១លានរៀល ហើយគោលដៅដែលដាក់ត្រួតពិនិត្យក្នុង១ខណ្ឌៗ មានចំនួន២គោលដៅសរុប១៤ខណ្ឌស្មើនឹង២៨គោលដៅ។ ប៉ុន្តែអាចមានចំនួនលើសពីនេះ ដោយខណ្ឌនីមួយៗ មានបន្ថែមបន្ថែមគោលដៅទៀត។

គួរបញ្ជាក់ថា ៖នៅរាត្រីថ្ងៃទី៣០ កក្កដា ចាប់ពីម៉ោង០៩យប់ ដល់ម៉ោង១១យប់ ឯកឧត្ដម ឃួង ស្រេង បានចុះពិនិត្យគោលដៅ នៅក្នុងខណ្ឌស្សីកែវ ទួលគោក ចំការមន មានជ័យ ពោធិសែនជ័យ និងខណ្ឌសែនសុខ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។