ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាលើបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

 

(ព្រៃវែង) រសៀលថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង​ និងលោក អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានចូលរួមជំនួបរវាងរដ្ឋបាលខេត្តព្រៃវែង និងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង ដើម្បីពិនិត្យ ពិភាក្សាលើបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង B នៃសាលាខេត្តព្រៃវែង។

កិច្ចប្រជុំ និងពិភាក្សាការងារជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង នៃគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត សម្របសម្រួលដោយលោក វង្ស សោភ័ណ្ឌ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង និងលោក សេង រ័ត្ន អនុប្រធានលេខាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត និងលោកនាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំនាពេលនេះគឺលេខាធិការដ្ឋាន គ ជ ប ខេត្តព្រៃវែងសុំកិច្ចសហការពីរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការផ្តល់នូវលិខិតអញ្ជើញ និងខិតបណ្ណផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ក្រៅពីនេះ គឺសុំផ្តល់ព័ត៍មានពីសភាពការ និងការជួយឧបត្ថម្ភលើសម្ភារៈដូចជា ម៉ាស និងអាកុល ជាពិសេស ការគ្រប់គ្រងការពារ ស្តីពីវិធានការការពារការចម្លងជំងឺកូវីដ-១៩ តាមរយៈការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីអោយក្រុមការងារមានវិធានការទប់ស្កាត់ និងការពារនៅអំឡុងពេលចុះផ្តល់លិខិតអញ្ជើញ និងការចុះផ្សព្វផ្សាយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។