ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញចូលរួមក្នុងពិធីបើវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១

 

(ភ្នំពេញ) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ចិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយឯកឧត្តមទីប្រឹក្សា បានអញ្ជើញចូលរួមក្នុងពិធីបើវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានបទនៃវេទិកាដ៏សំខាន់នេះគឺ “ការផ្លាស់ប្ដូរទៅ រកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០” ដើម្បីប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ បញ្ញាវ័ន្ត ក្រុមធុរជន និងជំនាញការតាមវិស័យសំខាន់ៗមកពីអាស៊ី និងអឺរ៉ុបដែលមានសមត្ថភាព និងចំណេះដឹងលើផ្នែកប្រតិបត្តិការធុរកិច្ច ភស្តុភារ និងសេដ្ឋកិច្ច ដែលពាក់ព័ន្ធនឹងខ្សែច្រវាក់តម្លៃ/ផ្គត់ផ្គង់នៃបដិវត្តឧស្សាហកម្ម៤.០ ដើម្បីពិភាក្សា និងឆ្លុះបញ្ចាំងពីឧត្តមានុវត្តន៍ ដែលពាក់ព័ន្ធ។

វេទិកាដ៏មានសារសំខាន់នេះ ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ ក្នុងទម្រង់ជាព្រឹត្តិការណ៍អមសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។ វេទិកានេះ ក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំពិភពលោក អ្នករៀបចំគោលនយោបាយ បញ្ញាវ័ន្ត ធុរជន និងដៃគូអភិវឌ្ឍន៍ដទៃទៀតមកពីអាស៊ី និងអឺរ៉ុប ក្នុងគោលបំណងពិគ្រោះពិភាក្សាឲ្យបានយ៉ាងស៊ីជម្រៅ-ទូលំទូលាយរវាងអ្នកពាក់ព័ន្ធសំខាន់ៗទាំងអស់លើប្រធានបទផ្សេងៗគ្នាមានជាអាទិ៍៖

ក- ភាពជឿនលឿននៃឌីជីថលូបនីយកម្មជំរុញខ្សែច្រវាក់តម្លៃសកល និងលទ្ធផល

ខ- ផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច និងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺឆ្លង

គ- តួនាទីសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅក្នុងបដិវត្តឧស្សាហកម្ម៤.០ និងគន្លងប្រក្រតីភាពថ្មី

ឃ-កាលានុវត្តភាពកំណើនថ្មីសម្រាប់ពាណិជ្ជកម្មសកល និងអាជីវកម្ម ជាពិសេសធុរកិច្ចថ្មី និងមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម ដែលកើតចេញពីបច្ចេកវិទ្យាថ្មី និងឌីជីថលូប នីយកម្មនៅក្នុងបដិវត្តឧស្សាហកម្ម៤.០ រួមជាមួយនឹងការកែសម្រួល និងកំណែទម្រង់របស់រដ្ឋាភិបាលដែលកំពុងដំណើរការរួមបញ្ចូលទាំងបញ្ញតិ្តគោលនយោបាយ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សសម្រាប់កំណើនប្រកបដោយ បរិយាប័ន្ន ជាពិសេសការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និង

ង- ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង និងធុរកិច្ចបៃតង ដើម្បីសម្របទៅនឹងបម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីកសាងភាពធន់ប្រឈមនឹងវិបត្តិ និងដើម្បីធានានិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។