ព័ត៌មានជាតិ

ប្រគល់ផ្ទះមនុស្សធម៌ទី៧ ជូនជនមានពិការភាពទីទ័លក្រ ១គ្រួសារ នៅស្រុកព្រៃឈរ តាមរយៈ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត អមដំណើរដោយ វត្តមាន ព្រះនាគមុនី មេគណខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមនឹងមន្ត្រីសង្ឃនៃសាលាគណខេត្ត សាលាអនុគណស្រុក និងអនុសាខាស្រុក រួមនិងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី៧ ដែលជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត កំពង់ចាម និងសាលាគណខេត្ត ជូនដល់ជនមានពិការភាពទីទ័លក្រ ១គ្រួសារ ឈ្មោះ សុខ សុភាព អាយុ ៣៦ឆ្នាំ រស់នៅ ភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

គួររំលឹកថា លោក សុខ សុភាព ជាជនមានពិការភាព( ស្វិតជើងទាំង២ ពីកំណើត) ទីទ័លក្រ មានប្រពន្ធ និងកូនស្រី ប្រុស ២នាក់ (អាយុ ៦ឆ្នាំ និង ៣ឆ្នាំ) ក្នុងបន្ទុក។ ជិត៧ ឆ្នាំមកនេះ ជីវភាពគ្រួសារ ក្មួយប្រុស រស់នៅយ៉ាងលំបាកបំផុត ព្រោះគ្មានទុន គ្មានមុខរបរអ្វីច្បាស់លាស់ ហើយខ្លូនឯង ក៏ពិការ ថែមទាំង ប្រពន្ធ ក៏មានជម្ងឺផ្លូវដង្ហើម មិនអាចជួយរកស៊ីបង្កើនចំណូលបានទៅទៀត សូម្បីជម្រកស្នាក់នៅ ក៏រស់នៅក្រោមផ្ទះរបស់អ្នកជិតខាង ដែរ ។ ទោះជាយ៉ាងណាក្តី ជនពិការរូបនេះ ក៏នៅមានដីមួយកន្លែង ទំហំ ៥ម× ២២ម ដែលឪពុកក្មេកបានប្រគល់អោយជាកម្មសិទ្ធិ។ ក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈ ប័ណ្ណសមធម៌ ក្រ ១ ក្មួយ សុខ សុភាព ត្រូវជិះរទេះបង្វិលដៃទាំង ២ ដើររើសសំបកដប អេតចាយ ចម្ងាយ ៧ គ,ម ពីផ្ទះ រៀងរាល់ថ្ងៃ បានកម្រៃប្រចាំថ្ងៃ ប្រមាណ ពី ១០,០០០ រៀល ទៅ ១៥,០០០ រៀល គ្រាន់ចិញ្ចឹមប្រពន្ធ និងកូនតូចកំសត់ ទាំង ២នាក់ ។

ដោយមើលឃើញពីស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ ៤ម×៦ម ) ១ខ្នង តម្លៃ ៩,៨០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា រួមជាមួយ សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្ត និងសប្បុរសជន ជូនគ្រួសារ ក្មួយប្រុស សុខ សុភាព សម្រាប់ស្នាក់នៅជាកម្មសិទ្ធិ តទៅ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់អ្នកចូលរួមនិងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនអោយបានជាប្រចាំ ហើយចូលរួមទប់ស្កាត់ការឆ្លង នៃជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ដោយបុគ្គល ម្នាក់ៗ ក៏ដូចជា ក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ចាំបាច់ ត្រូវ បន្តរៀនរស់ តាមគន្លងប្រក្រតីភាពថ្មី ដោយត្រូវយកចិត្តទុកដាក់អនុវត្ត អោយបានខ្ជាប់ខ្ជួន តាម វិធានសុខាភិបាល ” ៣ការពារ ៣កុំ និង ២ចូលរួម ” ដើម្បីជៀសអោយផុតពីការឆ្លងរាលដាលនៃជម្ងឺដ៏កាចសាហាវនេះ ក្នុងស្ថានភាពដែលវីរុសបម្លែងខ្លួន ប្រភេទថ្មី Omicron បាននឹង កំពុងចរាចរ ជាបន្តបន្ទាប់ពីក្រៅប្រទេស ចូលមកកម្ពុជា ដែលនេះ ជាក្តីកង្វល់ដ៏ធំ សម្រាប់ប្រទេសជាតិយើង ពិសេស នៅក្នុងគ្រួសារ និង សហគមន៍ ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារ ក្មួយប្រុស សុខ សុភាព សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ១០០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ៨, ម៉ាស់ ៥០ បន្ទះ , សម្ភារផ្ទះបាយ និងថវិកា ២០០,០០០រៀល ។ ជាមួយនោះ អនុសាខាស្រុក និងសាលាអនុគណស្រុក ឧបត្ថម្ភបន្ថែមថវិកា ៤០០,០០០ រៀល ។

ដោយឡែក លោកតា លោកយាយ ដែលអញ្ជើញចូលរួមជាសាក្សី ក្នុងពិធីប្រគល់- ទទួលផ្ទះថ្មី នេះ ចំនួន ១៨ នាក់ ក៏ទទួលបានអំណោយមនុស្សធម៌ ក្នុង ម្នាក់ ៗ មាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។