ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ​ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសែនក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយក្នុងការរៀបចំទីតាំងព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ឆ្នាំ២០២២

(ព្រៃវែង) :នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ​ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសែនក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយក្នុងការរៀបចំទីតាំងព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ឆ្នាំ២០២២ ដែលនឹងចូលមកដល់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ ស្ថិតនៅសួន​ សម្ដេចអគ្គមហាធម្មពោធិ៍សាល​ ជា​ ស៉ីម​ ភូមិ១ សង្កាត់​កំពង់លាវ​ ក្រុងព្រៃវែង​ ខេត្តព្រៃវែង។​

ពិធីនេះ ក៏មានការចូលរូមពីថ្នាក់ដឹកនាំខេត្ត រួមមាន ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ និងសហការីជាច្រើននាក់។

សូមជម្រាបថា ពិធីនេះបានប្រារព្ធឡើងតាមបែបព្រហ្មញ្ញសាសនា ដោយមានការរៀបចំសែនតាមបែបបុរាណ និងតាមគន្លងប្រពៃណីទំនៀមទម្លាប់ជំនឿសាសនារបស់ខ្មែរ ក្នុងបុព្វហេតុបួងសួងសុំសេចក្តីសុខ និងទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ពស២៥៦៥ ក្នុងព្រឹត្តិការណ៍ឆ្នាំថ្មីទាំងមូលផង និងដើម្បីជាលំអានសម្រាប់អនុជនជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឲ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត។

សារជាថ្មីម្តងទៀត ឯកឧត្ដម​ អភិបាល​ខេត្ត​ និងលោកជំទាវ​ សូមបួងសួងដល់បារមីខេត្តព្រៃវែងទាំងមូល និងទេវតាឆ្នាំថ្មី ព្រះនាម «កិរិណីទេវី» ជាទេពធីតាសង្ក្រាន្តប្រចាំថ្ងៃព្រហស្បតិ៍​ គង់នៅចាតុម្មហារាជិកាមី តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងការចូលរួមចំណែកដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់មូលដ្ឋានទទួលបានជោគជ័យនៅឆ្នាំថ្មីនេះ និងសូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ ស្ថាប័ន អង្គភាពជុំវិញខេត្ត ជាពិសេស ប្រជាពលរដ្ឋខេត្តព្រៃវែងផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។