ព័ត៌មានជាតិ

សាខាកាកបាទក្រហមខេត្តព្រៃវែង ផ្ដល់ប្រគល់ផ្ធះចំនួនពីខ្នងជូនដល់គ្រួសារក្រីក្រជូនពីគ្រួសារ នៅស្រុកកញ្ជៀក

(ព្រៃវែង) :ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការសាខា អមដំណើរដោយ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងបានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា និងក្រុមការងារអនុសាខាស្រុកកញ្រ្ជៀច អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ជញ្ជាំង និងដំបូលប្រក់ស័ង្កសី និងបង្គន់អនាម័យ ចំនួន ២ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ ២គ្រួសារ នៅភូមិគោកគង់កណ្តាល ឃុំគោកគង់លិច និងភូមិគោកក្រសាំង ឃុំគោកគង់កើត ស្រុកកញ្ជ្រៀច។

នាឱកាសនោះ ឯកឧត្តមប្រធាន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។

ឯកឧត្តមប្រធាន មានប្រសាសន៍ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ បើទោះបីជាកម្ពុជាមានស្ថានភាពធូរស្រាលក៏ដោយ និងអនុវត្តការរស់នៅតាមប្រក្រតីភាពថ្មី ក៏ដូចជាចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ និង២ចូលរួម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាស្តីពី ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវបើកបរដោយប្រុងប្រយ័ត្ន ពាក់មួកសុវត្ថិភាព រាល់ការធ្វើដំណើរ នាឱកាសចូលឆ្នាំប្រពៃណីជាតិ ខាងមុខនេះ និងសូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាស្រុក បងប្អូនប្រជាពលរដ្ឋ សូមមានសុខភាពល្អ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ពិសេសជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនាបច្ចុប្បន្ននេះ។

ឆ្លៀតក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា បានបញ្រ្ជាការអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩(Covid-19) និងអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន សរុបអ្នកចូលរួមចំនួន ៨៧នាក់ ស្រី ៥៣នាក់។

ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សាខា ក៏បានផ្តល់ជូននូវ អង្ករ ២៥គ.ក កន្ទេល ១ឃីត ១ កញ្ចប់(មុង ភួយ សារុងក្រមា) មី១ កេស ត្រីខ ១ យួរ ឃីតអនាម័យ ១ កញ្ចប់ (ជែល សាប៊ូ ម៉ាស់) ទឹកបរិសុទ្ធប្លូស៊ី ចំណុះ ១,៥លីត្រ ៦ដប កន្ថោរ ២ និងថវិកាក្នុង ១គ្រួសារ ៣០០,០០០រៀល(សាខាខេត្ត ថវិកាចំនួន ១០០,០០០រៀល ឯកឧត្តមប្រធាន ថវិកាចំនួន ១០០,០០០រៀល និងអនុសាខាស្រុក ថវិកាចំនួន ១០០,០០០រៀល)។ អនុសាខាស្រុក បានឧបត្ថម្ភសម្ភារៈបន្ថែមរួមមាន អង្ករ ៣០គ.ក ត្រី ខ ១យួរ មី ១កេស ទឹកស៊ីអ៉ីវ ២យួរ ថវិកាចំនួន ១០០,០០០រៀល។ នាឱកាសនោះ សាខាខេត្ត បានឧបត្ថម្ភថវិកាដល់លោកយាយ លោកតា ដែលបានចូលរួមក្នុងកម្មវិធី ចំនួន ៧៥នាក់ ក្នុង ១នាក់ ទទួល ១០,០០០រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។