ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន និងសហការី បានបន្តដំណើរ មកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១ ៦៦០នាក់ មកពីឃុំស្រក ស្រុកកំពង់សៀម

នៅវេលាម៉ោង ៩ និង ៣០ នាព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងសហការី បានបន្តដំណើរ មកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១ ៦៦០នាក់ មកពីឃុំស្រក ស្រុកកំពង់សៀម ដែលពិធីបានប្រារព្វក្នុងបរិវេណវត្តកែវឧទ្យានល្ពៀក។

សម្រាប់កម្មវិធីទី២ ខ្លឹមសារនៃការសំណេះសំណាលជាមួយបងប្អូនឃុំស្រក ដូចកម្មវិធីទី១ ដែរជារួម និងដោយឡែក ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្ញើជូនជនរួមជាតិ គឺបានរំលេចជូនជនរួមជាតិឲ្យឃើញនូវភាពជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង តស៊ូជំនះបានគ្រប់ឧបសគ្គ យកអស់ស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងសកលកូវីដ-១៩។ ជាក់ស្តែង ក្នុងរយ:ពេល ៣ថ្ងៃកន្លងមក នៅទូទាំងប្រទេសគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ ឡើយ។ ភាពជោគជ័យនេះ សម្តេចសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះជនរួម ជាតិ និងម្ចាស់ជំនួយដែលបានផ្តល់កិច្ចសហការយ៉ាងពេញលេញអនុវត្តវិធានការសុខាភិបាល និងជាពិសេសវិធានការ ៣ការពារ ៣កុំ និងផ្តល់ជំនួយជាថវិកា និងវ៉ាក់សាំងមកចាក់ស្រោចជូនបងប្អូនជនរួមជាតិ។ សម្តេចបានក្រើនរំលឹកជូនជនរួមជាតិថា យើងកំពុងមានមោទនភាពចំពោះសមិទ្ធផលដែលយើងទាំងអស់គ្នាសម្រេចបាន ហើយបាននិងកំពុងបន្តសកម្មភាពសង្គមគ្រប់រូបភាពយ៉ាងសប្បាយរីករាយស្ទើរតែពេញលេញ។ តែទោះជាយ៉ាងណា យើងមិនត្រូវភ្លេចខ្លួន បណ្តែតបណ្តោយ ឲ្យជំងឺនេះវិលត្រឡប់មកកាន់សហគមន៍យើងជាថ្មីម្តងទៀតឡើយ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជូននូវវិធានការដែលមានស្រាប់ និងត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា។

ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើឲ្យលោកឪពុក អ្នកម្តាយ និងអាណាព្យាបាលគ្រប់រូបនៅទូទាំងប្រទេស និងជាពិសេសឃុំស្រកនេះតែម្តង ត្រូវជំរុញ និងលើកទឹកចិត្តឲ្យកូន-ចៅ ទៅរៀនសូត្រទាំងចំណេះដឹង និងចំណេះជំនាញតាមលទ្ធភាព ដើម្បីឲ្យពួកគេដើរ ចេញពីអនក្ខរភាព ភាពក្រីក្រ កសាងអនាគតគ្រួសារ និងអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើន ដូចពាក្យចាស់បុរាណបានពោលថា ” ដាំដុះក្នុងសាលា ឲ្យផ្លែផ្កាក្នុងសង្គម “។ រួមគ្នាថែរក្ស និងការពារសន្តិភាពឲ្យបានគង់វង្ស។

ចុងបញ្ចប់បានជូនពរឲ្យបងប្អូនឃុំស្រក ទទួលបានជ័យជំនះលើគ្រប់ភារកិច្ច គ្រួសារមានសេចក្តីសុខ ចម្រើន និងសុភមង្គល និងជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ មិនខុសពីវត្តតាមល់ ឯកឧត្តមបានឧបត្ថម្ភព្រះចៅអធិការវត្តកែវឧទ្យានល្ពៀកចំនួន ២លានរៀល មេឃុំស្រក ១លាន អ្នករៀបចំកម្មវិធី ១លានរៀល និងបងប្អូនប្រជាពលរដ្ឋចំនួន ១ ៦៦០នាក់ ម្នាក់ៗបានទទួលថវិកា ២០ ០០០រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។