ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ ÷ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ សម្រាប់ស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ សម្រាប់ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅព្រឹកនេះសម្រាប់ឃុំបីគឺឃុំកោះរកា ឃុំកោះទទឹម និងឃុំកោះមិត្ត តំណាងឲ្យឃុំទាំង ១៥ ក្នុងស្រុកកំពង់សៀម បានសម្រេចរៀបចំក្បួនដង្ហែរបិទយុទ្ធនាការនេះ ដោយជ្រើសរើសយកបរិវេណវត្តព្រះធាតុតេជះមានជ័យរតនារាមជាចំណុចដើមទី។ ក្នុងពិធីដ៏មហោឡារិក អធិអធមជាប្រវត្តិសាស្រ្តនេះ ស្ថិតក្រោមការដឹកនាំផ្ទាល់ ពីឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉ក់ ស៊ីថា ព្រមជាមួយឯកឧត្តមជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់សៀម ឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារ និងសហការីចុះឃុំទាំងបី លោក លោក ស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក អាជ្ញាធរស្រុក ឃុំ និងបងប្អូនជាសមាជិកបក្សចំនួន ១ ៦០០នាក់។

ឯកឧត្តមប្រធានក្រុមការងារបាន ថ្លែងសារទៅកាន់បងប្អូនសមាជិកគណ:បក្សប្រជាជនកម្ពុជានៅទូទាំងស្រុកកំពង់សៀម អំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំ កសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសគោលនយោបាយឆ្ពោះទៅរកភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ។ សមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលក្រោមការដឹងនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីសម្រេចបានយ៉ាងធំធេង រួមជាមួយនិងសមិទ្ធផលដែលក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់សៀមសម្រេចបានក្នុងរយ:ពេលកន្លងមក។ តែទោះជាយ៉ាងណា ក្រុមការងារនៅមានការងារសំខាន់ៗជាច្រើនទៀតដែលត្រូវធ្វើការដោះស្រាយ កែលម្អ ធ្វើការអភិវឌ្ឍឲ្យកាន់តែរីកចម្រើន សម្បូរ សប្បាយ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមបានធ្វើការណែនាំបន្ថែមលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖

១- ត្រូវបន្តចុះជួបបងប្អូនសមាជិកគណបក្សយើងឲ្យបានគ្រប់ខ្នងផ្ទះ។

២- អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់បោះឆ្នោត និងគោលការណ៍ណែនាំសំខាន់ៗរបស់គណកម្មការជាតិរៀបចំការបោះឆ្នោតផ្សេងៗបន្តទៀត។

៣- ហាមពិសារគ្រឿងស្រវឹងនៅថ្ងៃទី៤ និងទី៥។

៤- ត្រូវត្រៀមឯកសារទាក់ទងការបោះឆ្នោតឲ្យបានគ្រប់គ្រាន់ មុនទៅបោះឆ្នោត។

៥- សមត្ថកិច្ចមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ក្នុងដំណាក់កាល ថ្ងៃស ថ្ងៃបោះឆ្នោតនិងរាប់សន្លឹកឆ្នោតដោយអនុវត្តច្បាប់របស់គណកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យបានខ្ជាប់ខ្ជួន។

៦- ត្រូវរក្សាសណ្តាប់ធ្នាប់សាធារណ: ការធ្វើចរាចរឲ្យបានល្អ ត្រូវរក្សាភាពថ្លៃថ្នូរ មានវិន័យ និងសីលធម៌ ក្នុងនាមជាសមាជិកគណបក្សមានភាពចាស់ទុំ ក្នុងការហែរក្បួន។

៧- នាំគ្នាទៅបោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ។

ចុងបញ្ចប់លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់គ្រប់បែបយ៉ាងរបស់ប្រធាន អនុប្រធាន បងប្អូនសមាជិក សមាជិកាគណបក្សទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ក្នុងការចូលរួមយុទ្ធនាការឃោសនាអស់រយ:ពេល ១៣ថ្ងៃកន្លងមកទទួលបានជោគជ័យ និងថ្លែងអំណរគុណជូនដល់អាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ បង្កលក្ខណងាយស្រួលដល់យុទ្ធនាការនេះ។ ជាថ្មីម្តងទៀត លោកបានលើកទឹកចិត្ត និងជូនពរឲ្យសមាជិកបក្សគ្រប់ៗរូបទទួលបានសុខភាពល្អ សុវត្ថិភាព និងដណ្តើមបានជោគជ័យមកជូនគណបក្សយើង ក៏ដូចជាជូនខ្លួនយើង និងគ្រួសារយើងនៅថ្ងៃទី៥ ខាងមុខ “ជយោគណបក្សប្រជាជនកម្ពុជា ជយោសន្តិភាព និងការអភិវឌ្ឍ”។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។