ព័ត៌មានជាតិ

ប្រើល្បិច អោយមិត្តភក្តិចូល​ផ្ទះ​ រួចចាក់សោរពីក្រៅហើយលួច​យករថយន្ត នឹងកាបូបលុយដែលមានកាតគ្រីរថយន្តក្នុងនោះស្រាប់ បាន​១​ថ្ងៃ​ក៏​ប្រទះ​ឃើញ​រថយន្ត​បើក​ក្នុង​បុរី.!

ភ្នំពេញ ៖ រថយន្ត​ម៉ាក​ព្រុស ពណ៌​ទឹកប្រាក់ ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ ភ្នំពេញ 2BF-5946 មួយ​គ្រឿង ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​មួយ​ថ្ងៃ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ ស្រាវជ្រាវ​រហូត​រក​ឃើញ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ជាប់​ពាក់ព័ន្ធ​ទិញ​រថយន្ត​ពី​ជនសង្ស័យ​ដែល​លួច​ថែម​ទៀត​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​បុរី​ពិភព​ថ្មី​ចំការ​ដូង ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ហើយ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​រថយន្ត​តូ​យ៉ូ​តា​ព្រុស ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2BF 5946 ជា​របស់​ជន​រង​គ្រោះ និង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ចំនួន​៣​នាក់ (​មិន​បានអោយ​ស្គាល់​អត្តសញ្ញាណ​) ជាប់​ពាក់ព័ន្ធ​នឹង​ទិញ​រថយន្ត​ពី​ជនសង្ស័យ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បានអោយ​ដឹង​ថា ដំបូង​ឡើយ នៅ​ម៉ោង​៤​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២២ ជន​រង​គ្រោះជា​ម្ចាស់​រថយន្ដ​ខាងលើ និង​ជនសង្ស័យ​ត្រូវជា​មិត្ត​ភ័​ក្ដ​នឹង​គ្នា ។ លុះ​នៅ​ថ្ងៃ​កើតហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​កង់​បី​ទៅ​លេង​ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​គោក​ព្រេច សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
សមត្ថកិច្ច​បន្ត​ថា នៅ​ពេល​ជួប​ជន​រង​គ្រោះ ជនសង្ស័យ​បាន​និយាយ​ប្រាប់​ថា «​ទៅ​យក​ឯកសារ​ឱ្យ​ម្តាយ​នៅ​ម្ដុំ​ឈូក​វ៉ា​២» ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​រវល់​តែ​ចូល​បន្ទប់ទឹក ដោយ​ទុក​សោ​រថយន្ដ និង​កាបូប​លុយ​ដែល​មាន​កាត​គ្រី​រថយន្ត​នៅ​លើ​តុ ស្រាប់តែ​ជនសង្ស័យ​ឆ្លៀតឱកាស​លួច​យក​កូនសោ និង​កាត​គ្រី ហើយ​ចាក់សោរ​ផ្ទះ​ពី​ក្រៅ មិន​អោយ​ជន​រង​គ្រោះ​ចេញ​មក​ក្រៅ​រួច​នោះ​ទេ និង​បាន​បើករថយន្ត​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

បន្ទាប់​ពី​ដឹង​ថា ជនសង្ស័យ​លួច​រថយន្ត​យក​ទៅ​បាត់​ហើយ ជន​រង​គ្រោះរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សមត្ថកិច្ច​នៃ​ព្រហ្មទណ្ឌ ក្រុង ដើម្បី​អោយ​ជួយ​ធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ផង ។
ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ហើយ ដំណឹង​នេះ​ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ជូន​ដល់​សមត្ថកិច្ច​ទាំង​១៤​ខណ្ឌ​អោយ​ជួយ​ពិនិត្យ និង ស្រាវជ្រាវ​រក​រថយន្ត​ដែល​ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ទៅ ។ លុះ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ បាន​ប្រទះ​ឃើញ​រថយន្ត​ដែល​កំពុង​តែ​បើក​នៅ​ក្នុង​បុរី​ពិភព​ថ្មី​ចំការ​ដូង ទើប​កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ ជាង ហុ​ក​សែរ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ធ្វើ​​ការ​ដេញ​ឃាត់​រថយន្ដ និង​មនុស្ស​៣​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​នោះ ហើយ​ក៏​បាន​នាំ​មនុស្ស​ទាំង​៣​នាក់ រួម​ទាំង​រថយន្ត​ យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ផ្នែក​ជំនាញ​នៃ​អធិការ​នគរបាល​ខណ្ឌដង្កោ​តែ​ម្តង ។
ប្រភព​ដដែល​បន្ត​ទៀត​ថា ចំពោះ​ការ​សាកសួរ​មនុស្ស​ទាំង​៣​នាក់​បាន​ឆ្លើយ​ថា «​រថយន្ដ​នេះ គឺ​ពួក​គេ​បាន​ទិញ​ពី​ជនសង្ស័យ​ក្នុង​តំលៃ​ចំនួន​៩៨០០​ដុល្លារ ដោយ​តែ​រថយន្ត​នេះ មាន​ឯកសារ​គ្រប់គ្រាន់ »​។

បន្ទាប់​ពី​ធ្វើការ​សួរនាំ​រួច ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ទាំង​៣​នាក់ រួម​ទាំង​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌដង្កោ ប្រគល់​អោយទៅ​ខាង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ជា​ម្ចាស់​ករណី ដើម្បី​ធ្វើការ​សាកសួរ​ជា​បន្ត និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។