ព័ត៌មានជាតិ

គណៈប្រតិភូចុះត្រួតពិនិត្យដំណេីរការរៀបចំទទួលភ្ញៀវទេសចរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

((សៀមរាប) ៖ នាព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិនិត្យដំណេីរការរៀបចំទទួលភ្ញៀវទេសចររបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ​ ដេីម្បីពង្រឹងសក្តានុពលរបស់អាកាសយានដ្ឋាន​ និងត្រៀមលក្ខណៈទទួលស្វាគមន៍ភ្ញៀវទេសចរ​ ដែលមកទស្សនាប្រទេសកម្ពុជា​ ជាពិសេសខេត្តសៀមរាបផ្ទាល់​ ប្រកបដោយបដិសណ្ឋារកិច្ចល្អ​ និងភាពកក់ក្តៅ​ ដឹកនាំដោយ​ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីសំណាក់ឯកឧត្តម ជា អូន រដ្ឋលេខាប្រចាំការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ប្រតិភូអមដំណេីរ​ ឯកឧត្តម​ ប៊ុន​ រដ្ឋា​ នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ​ លោក LU WEI ប្រធានក្រុមប្រឹក្សាអភិបាល AIAI និងមន្រ្តីជំនាញពាក់ព័ន្ធនានា។

បន្ទាប់ពីឯកឧត្តម​ សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ និងជាប្រធានអង្គប្រជុំ​ បានមានប្រសាសន៍ស្វាគមន៍​ សំណេះសំណាល​ និងបេីកកិច្ចប្រជុំរួចមក ឯកឧត្តម ជា អូន រដ្ឋលេខាប្រចាំការ​ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានធ្វេីបទបង្ហាញអំពីវឌ្ឍនភាពការងារ​ នៃដំណើររៀបចំប្រពន្ធសុវត្ដិភាព និងរៀបចំបែបបទរដ្ឋបាល​។​ ក្នុងនោះ​ដែរ ឯកឧត្តម​ នាយកអាកាសយានដ្ឋាន​ បានរាយការណ៍អំពីស្ថានភាពក្នុងការគ្រប់គ្រងសមត្ថកិច្ចនៅក្នុងអាកាសយានដ្ឋាន ព្រមទាំងមានការធ្វេីសេចក្តីរាយការណ៍ស្តីពីការបញ្ចប់គម្រោង​ និងត្រៀមរៀបចំដាក់ឲ្យដំណេីរការអាកាសយានដ្ឋាន​ ដោយលោក​ LU WEI ប្រធានក្រុមប្រឹក្សាអភិបាល AIAI។

ក្រោយស្តាប់បទបង្ហាញ ក៏ដូចជារបាយការណ៍រួច គណៈប្រតិភូបានចុះត្រួតពិនិត្យ និងទស្សនកិច្ចផ្ទាល់ក្នុងបរិវេណអាកាសយានដ្ឋាន​អន្តរជាតិសៀមរាប-អង្គរ​ ដើម្បីត្រៀមទទួលយន្តហោះដែលនឹងចុះចតនាពេលដ៏ខ្លីខាងមុខនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។