ព័ត៌មានជាតិ

ម្ចាស់កាស៊ីណូ ម៉ុកវ៉ា ល្បែងសុីសង បើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងពេញបន្ទុក!

ប្រភពថ្មីៗ ពីប្រជាពលរដ្ឋរស់នៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានឲ្យដឹងថា ម្ចាស់កាស៊ីណូ ម៉ុកវ៉ា នៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ បានបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់។

ប្រជាពលរដ្ឋសង្ស័យថា ម្ចាស់កាស៊ីណូ ម៉ុកវ៉ា ទំនងជាមានខ្នងបង្អែកក្រាស់ ទើបអាចបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូន ហើយអធិការនគរបាលស្រុកកំពង់រោទ៍ និងមន្ត្រីអាជ្ញាធរខេត្តស្វាយរៀង សម្ងំស្ងាត់ឈឹង។

លើសនេះទៅទៀតលោក ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បណ្ដោយឲ្យម្ចាស់កាស៊ីណូ ម៉ុកវ៉ា នៅច្រកព្រៃវល្លិ៍ ធ្វើអ្វីៗតាមអំពើចិត្ត មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ល្បែងស៊ីសងក្នុងកាស៊ីណូ ម៉ុកវ៉ា មានច្រើនប្រភេទដូចជាបញ្ជល់មាន់ បៀ ហ្គេមបាញ់ត្រី ជាដើម ហើយមានអ្នកចូលលេងល្បែងយ៉ាងពពាក់ពពូន ដោយមាន95ភាគរយជាជនជាតិខ្មែរ ក្រៅពីនេះគឺជនជាតិយួនឆ្លងដែនចូលមកលេងល្បែង។

ប្រភពបានបញ្ជាក់ទៀតថា ទាំងពលរដ្ឋខ្មែរទាំងជនជាតិយួន សម្រុកចូលលេងល្បែងក្នុងកាស៊ីណូទាំងថ្ងៃទាំងយប់ ហើយភាគច្រើននៃជនជាតិយួនដែលឆ្លងដែនចូលមកលេងល្បែង គឺឆ្លងដែនខុសច្បាប់។

ទាំងពលរដ្ឋខ្មែរ និងជនជាតិយួនភាគច្រើនដែលចូលមកលេងល្បែងក្នុងការស៊ីណូ ម៉ុកវ៉ា ភាគច្រើនលើសលប់ចាញ់អស់លុយកាក់ ដូច្នេះ ម្ចាស់កាស៊ីណូប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋបានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ព្រមទាំងនាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ទង្វើបំពានច្បាប់របស់ម្ចាស់កាស៊ីណូ ម៉ុកវ៉ា នៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ជាបន្ទាន់។

ដោយហេតុថាបច្ចុប្បន្នម្ចាស់កាស៊ីណូ ម៉ុកវ៉ា បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង ហើយលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បែរជារក្សាភាពស្ងៀមស្ងាត់។

ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថា ទាល់តែមានការឃុបឃិតជាប្រព័ន្ធទើបម្ចាស់កាស៊ីណូ ម៉ុកវ៉ា អាចបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពេញទំហឹង!៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។