ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូដែលអញ្ជើញមកពីសាកលវិទ្យាល័យណាហ្គោយ៉ា (ជប៉ុន) ដឹកនាំដោយ Dr. Satoru TSUCHIKAWA (ព្រឹទ្ធបុរស)

(ភ្នំពេញ) :នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៤:០០ ថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូដែលអញ្ជើញមកពីសាកលវិទ្យាល័យណាហ្គោយ៉ា (ជប៉ុន) ដឹកនាំដោយ Dr. Satoru TSUCHIKAWA (ព្រឹទ្ធបុរស)។

ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃការបណ្តុះបណ្តលធនធានមនុស្សដែលជាមន្រ្តីជំនាញក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលអនាគតទាំងបរិមាណ និងគុណភាព ឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រទេសជាតិក្នុងការកសាង និងអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាពិសេសវិស័យកសិកម្ម។ នាឱកាសនេះ Dr. Satoru TSUCHIKAWA បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីដោយសង្ខេបផងដែរអំពីរចនាសម្ព័ន្ធការអប់រំរបស់សាកលវិទ្យាល័យណាហ្គោយ៉ា កម្មវិធិសិក្សាថ្នាក់បណ្ឌិតដែលកំពុងដំណើរការ លក្ខខណ្ឌ នៃការជ្រើសរើសនិស្សិតដើម្បីផ្តល់អាហារូបករណ៍។ល។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែង អំណរគុណជូនចំពោះសាកលវិទ្យាល័យណាហ្គោយ៉ា ដែលបានគិតគូ យកចិត្តទុកដាក់ និងបន្តពង្រឹងកិច្ចសហការយ៉ាងល្អប្រសើរក្នុងការផ្តល់អាហារូបករណ៍ជូនដល់មន្រ្តីដើម្បីបន្តការសិក្សាទៅតាមជំនាញនីមួយៗ និងឆក់យកឱកាសបង្កើនចំណេះដឹង និងបទពិសោធន៍ល្អៗបន្ថែមទៀតទាក់ទងវិស័យកសិកម្ម ឲ្យស្របទៅតាមនិន្នាការកើនឡើងនៃសេចក្តីត្រូវការធនធានមនុស្ស ការប្រកួតប្រជែងទីផ្សារនាំចេញ ការប្រើប្រាស់បច្ចេកវិទ្យាសមស្រប ការកែច្នៃកសិផលដើម្បីបង្កើនតម្លៃបន្ថែម និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើខ្សែច្រវាក់ផលិតកម្ម។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីជប៉ុនពិចារណាលើប្រធានបទសំខាន់ៗសម្រាប់និស្សិតធ្វើការសិក្សាស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅ ដើម្បីឈានទៅធ្វើការដោះស្រាយបញ្ហាឲ្យកាន់តែមាន ប្រសិទ្ធភាព ដែលកម្ពុជាកំពុងប្រឈមមានដូចជា៖ ការការពារនូវការបាត់បង់គុណភាពដីផ្នែកស្រទាប់លើ ផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុលើផលិតកម្មដំណាំ និងសត្វ ផលប៉ះពាល់លើធនធានធម្មជាតិក្នុងបឹងទន្លេសាបបណ្តាលមកពីកម្ពស់ទឹកទន្លេមេគង្គមិនទៀងទាត់ ផលិតភាពផលិតកម្មដំណាំនៅតំបន់ខ្ពង់រាប ពិសេសខេត្តមណ្ឌលគីរី (ដំឡូងជ្វាផ្អែមជប៉ុន)។ល។ ភាគីជប៉ុន បានទទួលយកសំណើនេះទៅពិចារណាដើម្បីធ្វើការសិក្សាស្រាវជ្រាវរួមគ្នា នាពេលអនាគត។

សរុបសេចក្តីមក ជំនួបពិភាក្សាបានឯកភាពរួមគ្នាមួយគឺបន្តពង្រឹក និងពង្រីកកិច្ចសហប្រតិបត្តិរវាងសាកលវិទ្យាល័យទាំងពីរក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យកសិកម្មឲ្យកាន់តែទូលំទូលា និងស៊ីជម្រៅ ធ្វើយ៉ាងណាឲ្យធនធានបញ្ញាដែលបានផលិតចេញមកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងអនាគតខ្លួនគេ ក៏ដូចជាចូលរួមអភិវឌ្ឍប្រទេសជាតិ។

យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យភូមិន្ទកសិកម្មបានឲ្យដឹងថា តាំងពីឆ្នាំ២០១២ សាកលវិទ្យាល័យណាហ្គោយ៉ា និងសាកលវិទ្យាល័យភូមិន្ទកសិកម្មបានធ្វើកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សផ្នែកការងារសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្ម តាមរយៈកម្មវិធី Transnational Doctoral Programs for Leading Professionals in Asia Countries របស់សាកលវិទ្យាល័យណាហ្គោយ៉ាសាខារណបប្រចាំតំបន់អាស៊ី។ កិច្ចសហប្រតិ បត្តិការនេះមានគោលបំណងផ្ដល់អាហារូបករណ៍ជូនមន្ត្រីដែលកំពុងបម្រើការងារនៅតាមបណ្តាអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំអង្គការនានាដែលកំពុងបម្រើការងារពាក់ព័ន្ធនឹងវិស័យកសិកម្មដើម្បីបន្តក្នុងការសិក្សាស្រាវជ្រាវកម្រិតថ្នាក់បណ្ឌិត។ អាហារូបករណ៍បានផ្តល់ជូនសម្រាប់ជំនាញ ៖ វិទ្យាសាស្ត្រធនធានព្រៃឈើ និងបរិស្ថាន វិទ្យា សាស្ត្រដំណាំ វិទ្យាសាស្ត្រសត្វ និងវិទ្យាសាស្ត្រជីវវិទ្យាអនុវត្ត។ អស់រយៈពេល១០ឆ្នាំកន្លងទៅនេះ មាននិស្សិត ៦នាក់បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត និង ៧នាក់ទៀតកំពុងសិក្សា។ យោងតាមកម្មវិធីសិក្សា សាកលវិទ្យាល័យទាំងពីរបានជ្រើសរើស និងផ្តល់អាហារូបករណ៍ជូននិស្សិត ជារៀងរាល់ឆ្នាំ (ព័ត៌មានបន្ថែមសូមអញ្ជើញទាក់ទងទៅឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការ 012 929 888 )។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។